អភិបាលខេត្តកំពង់ចាម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ៤០គ្រួសារ នៅស្រុកចំការលើ

កំពង់ចាម :  អភិបាលខេត្តកំពង់ចាម  ឯកឧត្តម អ៊ុន ចាន់ដា ក្នុង នាម  ជា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្ត  នាព្រឹក ថ្ងៃ ទី ២០  ខែមេសា  ឆ្នាំ ២០២១ នេះ  បាន នាំយក អំណោយ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន  ប្រធាន កាកបាទក្រហម កម្ពុជា  ចែក ជូន បងប្អូន ប្រជាពលរដ្ឋ  ដែល រងគ្រោះ ដោយ ខ្យល់ កន្ត្រាក់ បកបោក   បណ្តាល ឲ្យ ខូចខាត ផ្ទះ សំបែង  ចំនួន ៤០ខ្នង  នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ  កាលពី ពេល កន្លង ទៅ ថ្មីៗ នេះ  ។  ពិធី នេះ ក៏ មាន ការ អញ្ជើញ ចូលរួម ពី  លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា មន្ត្រីក្រុមប្រតិបត្តិ  អនុសាខាស្រុក និងក្រុមការងារកាកបាទក្រហម កម្ពុជា ឃុំ ផងដែរ  ។

ឆ្លៀត ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ បងប្អូន ប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ជាមួយ គ្នានោះ  ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា  ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” លេីសពី នោះ ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កុំអោយជម្ងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលដល់ក្នុងគ្រួសារ និងសហគមន៍យើងបានឡេីយ ។

គួរ បញ្ជាក់ ថា  អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៤០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ )  អាវយឺត ២  ។

ដោយឡែក ចំពោះអ្នកដែលខូចខាតធ្ងន់ ចំនួន ៤ គ្រួសារ ទទួលបានថវិកា ៣០០,០០០ រៀល – អ្នកដែលខូចខាតមធ្យម ចំនួន ៣គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល ហើយអ្នកខូចខាតស្រាល ចំនួន ២៩គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល  ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *