អភិបាលខេត្តព្រះវិហារ ដឹកនាំរៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព នៅប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងស្រុកសង្គមថ្មី!

ព្រះវិហារ÷ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំមន្ត្រីរាជការ រៀបចំពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុខសន្តិភាពយូរអង្វែង ជូនចំពោះព្រះរាជាណាចក្រកម្ពុជា ទាំងមូលនៅប្រាសាទព្រះដំរី និងប្រាសាទចតុមុខ ក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទព្រះខ័នកំពង់ស្វាយ ស្ថិតក្នុងភូមិតាសែង ឃុំរណរិស្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នៅក្នុងពិធីបួងសួងនេះ ឯកឧត្តមអភិបាលខេត្តបានឧទ្ទិសបន់ស្រន់ដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ ជាពិសេស ទេវតាថែរក្សាទឹកដីខេត្តព្រះវិហារ និង អង្គប្រាសាទបុរាណ សូមឲ្យជួយថែរក្សា និងប្រទានពរជ័យសិរីសួស្តី ជូនដល់ប្រជារាស្ត្រខ្មែរគ្រប់រូប ឲ្យជួបតែសេចក្តីសុខ សេចក្ដីចម្រើនសុភមង្គល និងចៀសផុតពីឧបទ្ទវហេតុគ្រប់ប្រការ។ ឯកឧត្តមអភិបាលខេត្តក៏បានឧទ្ទិសបន់ស្រន់ដោយក្តីអាណិតអាសូរដ៏ជ្រាលជ្រៅដល់វីរៈកងទ័ពទាំង ១៨នាក់ សូមឱ្យរួចផុតពីគ្រោះថ្នាក់ទាំងឡាយទាំងពួង និងឆាប់បានវិលត្រឡប់មកកាន់មាតុភូមិជាទីស្រឡាញ់វិញក្នុងពេលឆាប់ៗនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *