ខេត្តស្វាយរៀង៖នៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ កម្លាំងនគរបាល នៃស្នងការដ្ឋាននគបាលខេត្តប្រចាំនៅគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានឃាត់ ខ្លួនបុរសម្នាក់ ក្រោយលួចរត់ពន្ធមនុស្សឆ្លងពីរាជធានីភ្នំពេញ ដែលជាតំបន់បិទខ្ទប់ទៅកាន់ ខេត្តស្វាយរៀង។យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលអ្នកសារព័ត៌មានទទួលបាននៅរសៀលថ្ងៃទី១៨ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តាមដំណើរឿងជនសង្ស័យឈ្មោះអ៊ុយ សារឿន ភេទប្រុសអាយុ៦៥ឆ្នាំ មុខរបរ អ្នកកាសែត បុគ្គលិកសារព័ត៌មាន «ស្រទាប់យុវវ័យ » មានទីលំនៅភូមិរោងដំរី ឃុំស្វាយចេកស្រុក រំដួលខេត្តស្វាយរៀងបើកបររថយន្តម៉ាកហាយលែនឌរ័ ពាក់ស្លាកលេខភ្នំពេញ2AQ-8467 ពណ៌ទឹកប្រាក់។ ដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មានម្នាក់នៅស្រុករំដួល បានស្នើសុំសមត្ថកិច្ច យាមគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ព្រំប្រទល់ស្វាយរៀង-ព្រៃវែង ទៅបេសកកម្មនៅភ្នំពេញ (មានឯកសារគ្រប់គ្រាន់)សមត្ថកិច្ចក៏បានអនុញ្ញាតិដើម្បីឲ្យទៅបំពេញការងារតាមលិខិតបេសកកម្ម។ របាយការណ៍បានបញ្ជាក់ទៀតថា ពេលទៅដល់ភ្នំពេញ ជនសង្ស័យបានទៅលួចនាំយកពលករ ដែលទើបមកពីប្រទេសកូរ៉េ២នាក់ (បានធ្វើចត្តាឡីស័ក១៤ថ្ងៃរួច) ក្នុងគោលបំណងមកស្រុកកំណើត ដោយជនសង្ស័យបានយកថ្លៃរថយន្តចំនួន៣៥០ដុល្លារបំពានច្បាប់បិទខ្ទប់មិនឲ្យធ្វើដំណើរចេញចូលរាជធានីនិងឆ្លងខេត្តមួយទៅខេត្តមួយ។ហើយពេលជនសង្ស័យបានដឹកពលករមកពីប្រទេសកូរ៉េ មកដល់ចំណុចគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ នៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៨មេសា នេះក៏ត្រូវសមត្ថកិច្ចឃាត់រថយន្តសួរនាំនិងឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ សាលាដំបូងខេត្តស្វាយរៀងដើម្បី ផ្ដន្ទាទោសតាមច្បាប់ចំណែកពលករ២នាក់មិនទាន់ដឹងថា មានចំណាត់ការយ៉ាងណានោះទេ៕ មិន ភក្ដី