ភ្នំពេញៈ បុគ្គលដែលបើករថយន្ដពាក់ផ្លាកលេខ ន.ប និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលកំពុងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ ពីបញ្ចប់ការសួរនាំក្រោយចាប់ខ្លួនព្រឹកមិញ។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា ឲ្យដឹងនៅមុននេះបន្ដិចថា បន្ទាប់ពីបញ្ចប់ការសួរនាំ មន្ដ្រីនគរបាលយុត្តិធម៌ បានបញ្ជូនបុគ្គលឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តឡាយ ល្មើសនឹងសេចក្តី សម្រេចបិទរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង០៣៖០០ រសៀលនេះដែរ។ បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា នៅពេលសួរនាំ បុគ្គលរូបនេះ មិនមែនជាមន្ដ្រី នគរបាលនោះទេ ពោលពេលឡាយវីដេអូនោះ គ្រាន់និយាយអួតគេតែប៉ុណ្ណោះ។ សំណុំរឿង របស់មន្ដ្រីនគរបាលយុត្តិធម៌ ដែលបានបញ្ជូនទៅតុលាការនេះ ចោទប្រកាន់២បទល្មើស រួមមាន៖*ទី១៖ ក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ *ទី២៖ ល្មើសសេចក្ដីសម្រេចវិធានការបិទខ្ទប់រាជធានី ភ្នំពេញ។សូមជម្រាបថាបុគ្គលរូបនេះមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋ និងបុគ្គលមិនចាំបាច់ចេញក្រៅផ្ទះនោះ បានបង្ហោះវីដេអូអួតពីការធ្វើដំណើរដោយមិនខ្លាច សមត្ថកិច្ច នៅលើបណ្ដាញសង្គម Facebook បានប៉ុន្មានម៉ោង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីទទួលបាន សេចក្ដីរាយការណ៍ និងឃើញសកម្មភាពជាក់ស្ដែងរបស់បុគ្គលរូបនេះ ដែលជិះរថយន្ដហើយ ថតសកម្មភាពតាមផ្លូវ និងប្រកាសថា មិនខ្លាចសមត្ថកិច្ចចាប់ខ្លួននោះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ការឃាត់ខ្លួន និងរថយន្តនៅខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានអះអាងថា ក្រោយចាប់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX300 ឆ្នាំ២០១៨ ពាក់ផ្លាកលេខនគរបាល ២-៦១២៨ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ពិសេសពាក់ ព័ន្ធការល្មើសវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន។ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News ថា បុរសរូបនេះបើករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌឬស្សីកែវ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
គួរជម្រាបថា ការចាប់ខ្លួនបុគ្គលរូបនេះ ធ្វើឡើងបន្ទាប់ពីបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Facebook ពេលកំពុងបើកបររថយន្ដ និងបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ហើយតាំងខ្លួនថា ជាឧត្តមសេនីយ៍ មិនមាននរណាហ៊ានចាប់នោះទេ ទោះបីខ្លួនគ្មានភារកិច្ចក្នុងការធ្វើដំណើរ ចាំបាច់ក្នុងពេលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ក៏ដោយ។
កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខណ្ឌមានជ័យ ក៏បានចាប់ខ្លួន ឧត្តមសេនីយ៍ផ្កាយពីរម្នាក់ តួនាទីជាអនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ផ្សេងទៀត ដែលរៀបចំកម្មវិធីផឹកស៊ីច្រៀងរាំសប្បាយ ដោយបំពាននូវវិធានការបិទ ខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានស្នើទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីបកស័ក្ដិ និងបណ្ដេញនាយនគរបាលរូបនេះ ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាផងដែរ។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ផងដែរ៕SKS