ព្រះវិហារៈ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជាច្រើនរូបទៀត នៅថ្ងៃទី១៥ខែមេសាឆ្នាំ២០២១កន្លងទៅនេះ ដែលជាថ្ងៃចូលឆ្នាំថ្ងៃទី២ បាននាំអំណោយទៅផ្តល់ជូនជាការលើកទឹកចិត្តដល់ក្រុមការងារ ថែទាំ ជួសជុលផ្លូវថ្នល់ ដែលកំពុងបំពេញការងារ នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងស្រុកត្បែងមានជ័យ និងផ្លូវជាតិលេខ៩២ នៅឃុំកំពង់ស្រឡៅមួយ និងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ជាប់ព្រំដែនឡាវ។
នៅក្នុងឱកាសនោះដែរ លោក សំ លាងទ្រី បានថ្លែងជម្រាបជូនក្រុមការងារជួសជុល ថែទាំផ្លូវ ថ្នល់ទាំងអស់ពីសភាពការណ៍ថ្មី ដែលកំពុងកើតមាននៅក្នុង ប្រទេសកម្ពុជា របស់យើងបញ្ហា ការរីករាលដាលជម្អឺ កូវិដ១៩។ ពិសេសជម្រាបជូនពីវិធានការរបស់រាជរដ្ឋាភិបាលក៏ដូច ជាវិធាន ការរបស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ ដែលកំពុងឆ្លងចូលក្នុងសហគមន៍របស់យើងគួរអោយព្រួយបារម្ភខ្លាំងណាស់។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានថ្លែងណែនាំដល់ ក្រុមការងារដែលកំពុងជួសជុល ថែទាំផ្លូវថ្នល់នៅតាមគោលដៅ នានាក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ គោរពអនុវត្តន៍តាមបទបញ្ជាណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាបទបញ្ជារបស់រដ្ឋបាលខេត្តព្រះវិហារ អោយបានជាដាច់ខាត។ សំខាន់បំផុតនោះ មិនត្រូវមានការជួបជុំផឹកស៊ី មិនត្រូវដើរហើរល្មើស នឹងបម្រាមរបស់អជ្ញាធរនិងសមត្ថកិច្ចតាមមូលដ្ឋាននោះទេ។លោក សំលាងទ្រី ក៏បានថ្លែងនូវការកោត សរសើរ ដល់ក្រុមការងារថែទាំ ជួសជុលផ្លូវថ្នល់ទាំងអស់ របស់មន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តព្រះវិហារ ដែលកន្លង មកក៏ដូចជាបច្ចុប្បន្ននេះ បានយក អស់នូវកម្លាំងកាយចិត្ត ប្រកបដោយឆន្ទះ ស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើការជួសជុលថែទាំ ផ្លូវថ្នល់ នានាក្នុងខេត្ត បានយ៉ាងល្អប្រសើរ មិនថារដូវប្រាំងឫរដូវវស្សានិងរដូវបុណ្យទាននោះទេ។ លោកប្រធានបានចាត់ទុកក្រុមការងារថែទាំជួសជុលផ្លូវថ្នល់ របស់មន្ទីរ ទាំងអស់គឺជាកងទ័ព ស្រួចជួរមុខទៀតផង ហើយលោកក៏បានណែនាំដល់បងប្អូនយើងទាំងអស់ត្រូវបន្តអនុវត្ត អោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណែនាំរបស់ រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍របស់យើង កុំអោយឆ្លងជំងឺកូវីដ-១៩។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ គ.ស ២០២១នេះ លោក សំ លាងទ្រី បានបួងសួងដល់ទេវតាឆ្នាំថ្មី ជួយប្រោះព្រំ ប្រសិទ្ធិពរជ័យ សរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ដើម្បីរួមគ្នាអនុវត្តន៍តួនាទី ភារកិច្ច អោយទទួលបាន ជោគជ័យ ថ្មីៗថែមទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែល មានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនដែលមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាល់ថុល ជារដ្ឋមន្ត្រីនិងរដ្ឋបាលខេត្តព្រះវិហារ ដែលមានលោកប្រាក់ សុវណ្ណ ជាអភិបាលខេត្តដឹកនាំផងដែរ ៕SPS