កំពង់ចាម : ដោយ អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ នា ឱកាស ថ្ងៃ បុណ្យ ចូលឆ្នាំថ្មី ប្រពៃណី ជាតិ ខ្មែរ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម អមដំណើរ ដោយ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព និង អាជ្ញាធរ ពាក់ព័ន្ធ បាន អញ្ជើញ ចុះត្រួតពិនិត្យគោលដៅ ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយទូទាំងប្រទេស ជាបណ្ដោះអារសន្ន ដេីម្បីទប់ស្កាត់ការឆ្លងរាដាល នៃជំងឺកូវីដ១៩ នៅតាម បណ្តា ស្រុក នៃខេត្តកំពង់ចាម ដែលមានព្រំប្រទល់ ជាប់ នឹងខេត្តកណ្ដាល ។ ឆ្លៀតក្នុង ឱកាស អញ្ជេីញចុះត្រួតពិនិត្យគោលដៅនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បាន អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូម ឲ្យ ចូលរួមអនុវត្តន៍តាម សេចក្តី ណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជា វិធានការ របស់ ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ។ ដោយឡែកចំពោះអ្នកចំណូលស្រុកមកពីតំបន់ហានិភ័យ ត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃអោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ «៣ការពារ ៣កុំ» ជៀសផុតពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។ ជាមួយគ្នា ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយក នូវថវិកា និង សម្ភារ មួយចំនួនឧបត្ថម្ភដល់កងកម្លាំង យាមកាម នៅតាមបណ្ដាគោលដៅ និមួយៗ ផងដែរ ។ គួរ បញ្ជាក់ ថា ក្នុង ការ អនុវត្ត សេចក្តី សម្រេច របស់ រាជរដ្ឋាភិបាល នេះ ឯកឧត្ដម អ៊ុន ចាន់ដា ក្នុង នាម ជា ប្រធានគណៈបញ្ជាការឯកភាពខេត្ត បាន ដឹកនាំ ប្រធាន អង្គភាព និង អជ្ញាធរ ពាក់ព័ន្ធ ចុះ ត្រួតពិនិត្យ គោលដៅ ក្នុង ស្រុក ចំនួន ៣ រួមមាន ៖ គោលដៅនៅចំណុច ឃុំមានជ័យ ស្រុក ស្រីសន្ធរ ជាប់ ព្រំប្រទល់ ស្រុកខ្សាច់កណ្ដាល . គោលដៅនៅចំណុច ឃុំស្ដៅ និង គោលដៅនៅចំណុច ស្ពានគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ជាប់ ព្រំប្រទល់ ស្រុកមុខកំពុល និង គោលដៅនៅស្ពានទី២៤ ឃុំតាំងក្រាំង ស្រុក បាធាយ ដល់ ព្រំប្រទល់ ស្រុកមុខកំពូល ខេត្ត កណ្ដាល ៕