នាំគ្នាដើរចូលទៅក្នុងព្រៃជ្រៅ ដើម្បីបេះបន្លែ និងផ្លែឈើព្រៃយកមកលក់នៅតាមភូមិ ស្រាប់តែបាក់មែកឈើធ្លាក់ម្នាក់ឯងរងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ យុវជនម្នាក់ រងរបួសធ្ងន់ សន្លប់បាត់ស្មារតីនៅក្រោមដើមឈើ លុះដឹងខ្លួនឡើងស្រែកឱ្យគេជួយ ខណ:នាំមិត្តភក្តិចូលទៅក្នុងព្រៃជ្រៅ ដើម្បីដើរបេះបន្លែ និងផ្លែឈើព្រៃ យកមកលក់នៅតាមភូមិដូចសព្វដង លុះជនរងគ្រោះដើរបែកពីហ្វូង ក៏ឡើងលើដើមពង្រព្រៃខ្ពស់១ដើម ដែលមានកំពស់ជាង១០ម៉ែត្រ ដើម្បីបេះផ្លែឈើ ស្រាប់តែជាន់ប៉ះចំមែកងាប់ បាក់ធ្លាក់មកដីសន្លប់ម្នាក់ឯង អស់រយ:ពេលជាយូរ លុះដឹងខ្លួន ក៏ស្រែកហៅក្រុមគ្រួសារ ឱ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសារសភាពធ្ងន់ធ្ងរពេក គ្រូពេទ្យបានរៀបចំឯកសារបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៩ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដោយរកឃើញនៅវេលាម៉ោងប្រហែល៣និង៣០នាទីរសៀលថ្ងៃដដែល ស្ថិតនៅចំណុចស្លេវ ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីបុរសជាឪពុកបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ឃុន ឡយ ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ផ្នែកខាងក្រោយ រស់នៅចំណុចភ្នំដំបង ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានបបួលនាំមិត្តភក្តិក្នុងភូមិដើរ ទៅរកបេះបន្លែ និងផ្លែឈើព្រៃ តាំងពីព្រឹកព្រលឹម ដើម្បីយកមកលក់ដូរនៅក្នុងភូមិដូចសព្វដង ។ ពេលចូលទៅដល់ក្នុងព្រៃជ្រៅ ជនរងគ្រោះ បានដើរបែកចេញពីហ្វូង ហើយក៏ឡើងទៅលើដើមពង្រ១ដើម ដែលមានកំពស់១២ម៉ែត្រ លុះឡើងបានត្រឹមតែកម្ពស់៩ម៉ែត្រ ស្រាប់តែជាន់ប៉ះចំមែកងាប់ បណ្តាលឱ្យបាក់ធ្លាក់ចុះក្រោមទង្គិចនឹងដុំថ្ម បណ្តាលឱ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។ ពេលបាត់កូនឱ្យឃើញត្រឡប់មកផ្ទះវិញ គាត់ក៏បានសួរនាំមិត្តភក្តិ ដែលដើរទៅជាមួយ ដោយគេប្រាប់ថា បែកផ្លូវគ្នា ហើយនឹកស្មានតែដើរត្រឡប់មកផ្ទះវិញមុនហើយ ព្រោះដល់ម៉ោង១១ព្រឹកគេនាំគ្នាត្រឡប់មក វិញ ។ លុះដើររករហូតដល់ម៉ោង៣រសៀល ស្របពេលនោះ គេបានឮសម្លេងកូនគាត់ ស្រែកហៅល្វើយៗចេញពីក្នុងព្រៃ ក៏ដើរសំដៅទៅឃើញជនរងគ្រោះ កំពុងតែដេករងរបួសនៅក្រោមដើមពង្របង្កឱ្យមានការភ្ញាក់ផ្អើល រួចនាំគ្នាយកអង្រឹងសែងយកមកផ្ទះ ដើម្បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតែម្តង ។

ចំណែកលោក គឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ ជនរងគ្រោះ ខាងលើ ពិតជាមានសភាពធ្ងន់ធ្ងរ ផ្នែកខាងក្រោយ អាចនឹងបាក់ឆ្អឹងចង្កេះ ខណ:ធ្លាក់ពីលើដើមឈើខ្ពស់ បុកទង្គិចប៉ះចំដុំថ្មនៅខាងក្រោម ទើបក្រោយពីពិនិត្យ និងព្យួរសេរ៉ូមឱ្យមានកម្លាំងរួចមក ក្រុមគ្រូពេទ្យបានរៀបចំឯកសារ ដើម្បីនឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ៕ អត្ថបទដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *