ខេត្តប៉ៃលិន ៖ គេដឹងហើយថា តាំងពីបុរាណកាលរហូមកដល់បច្ចុប្បន្ន ឱ្យតែដល់ថ្ងៃទីដំបូង នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរម្តងៗ ដែលគេឲ្យឈ្មោះថា ថ្ងៃសង្ក្រាន្ត ខណ:ប្រជាពលរដ្ឋខ្មែរយើង តែងតែរៀបចំណី ផ្លែឈើ នំចំណី និងគ្រឿងសក្ការបូជា ដាក់តាំងនៅលើរានហាលខាងមុខផ្ទះ ដើម្បី ទទួលទេវតាឆ្នាំថ្មីយាងចុះមក ។ លុះក្រោយពីគេរៀបចំកម្មវិធីបួងសួង បន់ស្រន់ ដល់ ទេវតាឆ្នាំថ្មីហើយរួចរាល់ហើយ ជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរនៅតាមភូមិនីមួយៗ តែងតែនាំគ្នា ចំអិនម្ហូបអាហារ ដើម្បីដាក់ចានស្រាក់ យកទៅវត្តអារាម រាប់បាត្រព្រះសង្ឃ និងបង្សុកូល ហើយពូនភ្នំខ្សាច់ ព្រមទាំងស្តាប់ធម៌ទេសនា ហើយនាំគ្នាត្រឡប់ទៅផ្ទះសម្បែងវិញ រួចនាំគ្នាដើរលេងកំសាន្តនៅតាមរមណីយដ្ឋាននានា ។ លើសពីនេះ គេក៏មានលេងល្បែងកំសាន្តប្រជាប្រិយនៅតាមវត្តនីមួយៗផងដែរ ដូចជា ល្បែងលាក់កន្សែង ចោលឈូង ល្បែងទាញព្រ័ត្រ បោះអង្គុញ រាំវង់ ។ បើរំលឹកកាលពីសម័យដើម គេមានលេងល្ខោន ឱ្យប្រជាពលរដ្ឋទស្សនាកំសាន្ត មានការច្រៀង អាយ៉ៃឆ្លើយឆ្លង និងរាំថូន (រាំស្គរដី) ផងដែរ ។
ជាក់ស្តែងបើ គេសង្កេតមើលទៅពុទ្ធបរិស័ទ ក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ឃើញថា ពួកគាត់បានធ្វើម្ហូបអាហារ នំចំណី ជាចង្ហាន់ ដើម្បីប្រគេនព្រះសង្ឃ នៅក្នុងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី និងតាមវត្តអារាមនានាផងដែរ ។
បើតាមសង្ឃដិការបស់ព្រះគ្រូរតន:មុន្នី អ៊ា សុផន ព្រះមេគុណខេត្តប៉ៃលិន និងជាព្រះចៅ អធិការវត្តពោធិមារាម បានឱ្យដឹងថា ៖ នៅឆ្នាំ២០២១នេះ ក៏ជាឆ្នាំទី២ហើយ ដែលពុទ្ធបរិស័ទចូល មកក្នុងទីវត្តអារាម ត្រូវអនុវត្តតាមវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ខេត្តប៉ៃលិន ។
ព្រះចៅអធិការវត្តខាងលើ បញ្ជាក់ទៀតថា តាំងពីមានបញ្ហាជំងឺកូវីដ១៩ផ្ទុះឡើង គេមិនសូវ ឃើញមានប្រជាពលរដ្ឋពុទ្ធបរិស័ទ ចូលទៅធ្វើបុណ្យកុះករ ដូចកាលពីមុននោះទេ គឺមានពុទ្ធបរិស័ទ ចូលធ្វើបុណ្យទាំងក្មេងចាស់ប្រុសស្រី យ៉ាងច្រើនកុះករ ។ ចំណែកឯបច្ច័យក៏បានច្រើន គួរសមសម្រាប់យកទៅកសាងកុដិ និងសាលាឆាន់ បន្ថែមទៀតផងដែរ ។ តែទោះបីជាយ៉ាងណា ក៏មានប្រ ជាពលរដ្ឋបន្តចូលរួមធ្វើបុណ្យកុសល មិនដាច់ជារៀងរាល់ថ្ងៃ ហើយព្រះតេជគុណក៏សូមជូនពរឱ្យ ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ទទួលបាននូវពរជ័យ សិរីមង្គល នាឱកាសឆ្នាំថ្មីគ្រប់ៗគ្នា ៕ អត្ថបទដោយ ៖ នីយ៉ា