ខេត្តប៉ៃលិន ៖ រហូតមកដល់យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ក្រោយពីអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានធ្វើការរៀបចំតុបតែង រចនាម៉ូដជាអំពូលភ្លើងក្នុងការផ្ការរំដួលពណ៌លឿងខ្ចី នៅមុខសាលាខេត្ត ក្បែរសួនកុមារ និងនៅតាមទ្រូងផ្លូវទីសាធារណ:ក្នុងក្រុងប៉ៃលិន និង ដាក់តាំងនៅសួនច្បារ ស្តេចកន(សេះប្រាំបី) ។ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន ក៏ដូចជាអ្នករស់នៅក្នុងស្រុកសាលាក្រៅ បាននាំគ្នាទៅដើរលេងកម្សាន្ត ឈរគយគន់ ដោយអ្នកខ្លះថតរូបស៊ែលហ្វី ទុកជាអនុស្សាវរីយ៍ជាដើម ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅមុនរដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាឆ្នាំ២០២១នេះ ហាក់ដូចជាខុសប្លែកពីឆ្នាំមុនៗ ដោយរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំតុបតែងកែលំអភ្លើងបំភ្លឺនៅ ក្នុងក្រុងប៉ៃលិន និងកន្លែងកំសាន្តស្តេចកន(សេះប្រាំបី) ក្នុងស្រុកសាលាក្រៅ ដាក់ជារាងផ្ការំដួល ដែលមានពណ៌លឿងខ្ចី បញ្ចេញពណ៌នាពេលរាត្រី ជាពន្លឺស្រស់បំព្រងគួរឱ្យទាក់ទាញ ប្លែកភ្នែកខុសពីធម្មតា និងគួរឱ្យចាប់អារម្មណ៍ពីភ្ញៀវទេសចរក្នុងខេត្តផងដែរ ។ ប្រភពបន្តទៀតថា ឈានចូល ដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បើទោះបីជាមានបញ្ហាជំងឺកូវីដ ១៩ កំពុងវាយលុកក្នុងប្រទេ សកម្ពុជា មិនអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋ ឆ្លងដែនពីខេត្តមួយទៅខេត្តមួយបាន ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺមួយនេះ ក៏អ្នកស្រុក ក្នុងក្រុងប៉ៃលិន បានជួបជុំលេងកំសាន្តជាលក្ខណ:គ្រួសារ នៅលើសួនកុមារនាពេលរាត្រី និងអ្នកខ្លះប្រកបភាពស្និទ្ធស្នាលបងប្អូននៅផ្ទះ ដោយហូបអា ហារជាមួយគ្នា តាមបរិបទកូវីដ១៩ ។
ប្រជាពលរដ្ឋម្នាក់ ឈ្មោះ សារឿន ភេទប្រុស រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ ឆ្នាំថ្មីនេះ ខេត្តប៉ៃលិន ពិតជាប្លែកភ្នែកខ្លាំង ដោយអភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ ចាត់ឱ្យមន្រ្តី ក្រោមឱវាទរៀបចំតុបតែងផ្កាភ្ញី ដើម្បីទទួលទេវតាឆ្នាំថ្មី និងកែលំអកន្លែងកំសាន្តក្នុងក្រុងឱ្យទៅជា មានសោភ័ណភាពល្អ ទិដ្ឋភាពស្រស់បំព្រង ដែលធ្វើឱ្យម្នាក់ៗមិនចង់ងើបចេញពីកន្លែងកំសាន្តទាំង នេះ ។ គាត់បន្តទៀតថា ជារៀងរាល់ល្ងាច ក្រុមគ្រួសាររបស់គាត់ តែងតែនាំគ្នា ទៅលេងកំសាន្តនៅលើសួនកុមារ ក្រោយពីចប់ការងារផ្ទះ និងការងារធ្វើចំការ ដើម្បីបំបាត់ភាពនឿយហត់ ហើយក៏នាំគ្នាទិញនំចំណី ម្ហូបអាហារ ទទួលទានរួចរាល់ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ ។
តែទោះជាយ៉ាងណា ក៏ពួកគាត់នៅតែគោរពនិងអនុវត្តន៍តាមវិធានការ ៣ការពារ ៣កុំ របស់ ប្រមុខរាជរដ្ឋភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរក្សាការពារកុំឱ្យមានករណីឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ៕ អត្ថបទដោយ ៖ នីយ៉ា