អភិបាលខេត្តព្រះវិហារដឹងនាំមន្ត្រីរាជការរៀបចំពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅរូបសំណាក់លោកតាឌី

ព្រះវិហារៈនៅព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត  ព្រមទាំងមន្ត្រីរាជការ គ្រប់មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ  និងសមាជិកក្រុមប្រឹក្សាខេត្ត បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំលើករាសីដើម្បី សុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព . ស ២៥៦៤ គ . ស២០២១នៅរូបសំណាក់លោកតាឌី។

ក្នុងពិធីសូត្រមន្តប្រោះព្រំលើករាសី នៅពេលនេះ បានប្រារព្ធធ្វើឡើងតាមទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា  ដើម្បីសុំសេចក្តីសុខ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ គ.ស២០២១ ជូនដល់មន្តី្ររាជការបងប្អូនជនរួមជាតិទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឲ្យទទួលបានសេរីសួស្តី ជៀសផុតពីគ្រោះឧបទ្រពចង្រៃ នាំមកនូវសេចក្តីចំរើនរុងរឿង រកស៊ីមានបាន បំពេញភារកិច្ច អភិវឌ្ឍន៍ខេត្តព្រះវិហារឲ្យរីកចំរើនឡើង ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនំា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមល្អ បានធ្វើឲ្យយើងមានឱកាសស្តារកសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន  និងប្រជាពលរដ្ឋមានជីវភាពល្អប្រសើររឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ឯកឧត្តមបានបន្តទៀតថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលខេត្ត ដែលមានការនឿយហត់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំមកនេះ ។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានបួងសួងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមទទួលនូវសព្ទសាធុការពរជ័យ បវរមហាប្រសើរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នក នាងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ទាំងអស់ សូមទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល និងជ័យជម្នះគ្រប់ភារកិច្ច និងសូមទទួលបាននូវពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តន៍ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមអោយចុះជាប្រចាំដើម្បី ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ អោយចេះការពារខ្លួនកុំអោយឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុវត្តតាមវិធានការ ៣កុំ និង៣ការពារ ដែលរាជរដ្ឋាភិបាលបានដាក់ចុះផងដែរ៕អត្ថបទ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *