ខ្យល់កន្ត្រាក់វាយប្រហារផ្ទះប្រជាពលរដ្ឋរងការខូចខាត២៣ខ្នង តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ

(ខេត្តបន្ទាយមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋ២៣ខ្នងបានរងការខូចខាត ដោយសារភ្លៀងលាយ ខ្យល់កន្ត្រាក់វាយប្រហារកាលពីល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ២០២១ នៅចំណុចបឹងជង្រុក តេជោឈ្នះឈ្នះ ឃុំទូលពង្រ ស្រុកម៉ាឡៃ។

ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោថ្លែងថា នៅក្នុងតំបន់បឹងជង្រុក នេះដោយភ្លៀងលាយឡំផ្គររន្ទះធ្វើឲ្យផ្ទះពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ខ្លាំង ក្នុងនោះក្នុងខេត្តបន្ទាយមានជ័យផ្ទះពលរដ្ឋក៏រងផលប៉ះពាល់ផងដែរ។

ដោយឡែកនៅតំបន់បឹងជង្រុករងផលប៉ះពាល់ផ្ទះពលរដ្ឋចំនួន២៣ខ្នងក្នុងនោះ៩ខ្នងត្រូវខ្យល់កន្ត្រាក់វាយរាបដល់ដល់ដីតែម្ដង។ លោកក៏កោតសរសើរដល់កងកម្លាំងដូចជាកងកម្លាំងកងរាជអាវុធហត្ថ ប្រជាការពារភូមិនិងក្រុមការងារទាំងអស់នៅតំបន់បឹងជង្រុក និង៦៧១ដែលពួកគាត់បានចុះធ្វើការទាំងយប់ ដើម្បីជួយសាងសង់ផ្ទះបងប្អូនពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ហេតុការណ៍នេះមិនធ្វើឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយកងកម្លាំងទាំងអស់ត្រូវជួយសាងសង់ផ្ទះជូនពួកគាត់ភ្លាមៗ បង្ការការពារខ្លាចមានភ្លៀងធ្លាក់បន្ថែមទៀត ដូច្នេះពួកគាត់នឹងមានកន្លែងស្នាក់នៅ មិនបណ្ដោយឲ្យគាត់នៅហាលវាលហាលខ្យល់នោះទេព្រោះដំណាក់កាលនេះយើងកំពុង ទប់ស្កាត់កូវីដ-១៩ផង។ លោកបន្ថែមថា ផ្ទះពលរដ្ឋដែលរងផលប៉ះពាល់រងការខូចខាត នៅតំបន់ខាងលើលោកយ៉ា គឹមហ៊ុយ អាជីវករនៅក្រុងប៉ោយប៉ែតគឺជាអ្នករ៉ាប់រងផងដែរ៕(សៅនៅ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *