កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងប៉ូលិសចម្រុះឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅថ្ងៃអាទិត្យទី១១ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទីនៅចំណុចផ្លូវជាតិលេខ១១០ ភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះប៉េង ឈាង ភេទប្រុស អាយុ៤១ឆ្នាំនៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និង២-ឈ្មោះ នី វ៉ាន់ណេត ភេទប្រុស អាយុ៣១ឆ្នាំនៅភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ (តូច០១កញ្ចប់ មធ្យម១កញ្ចប់ ធំ១កញ្ចប់),២-ម៉ូតូចំនួន ០១គ្រឿងម៉ាក គុបមូលពណ៌ទឹកប៊ិច ស្លាកលេខគ្មាននិង៣- ប្រអប់ដាក់វ៉ែនតាចំនួន០១និងសម្ភារៈវេចខ្ចប់មួយចំនួន។
សមត្ថកិច្ចបានបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន , លុះដល់ចំណុចកើតហេតុក៏បានជួបជនសង្ស័យ ខាងលើ រួចក៏បានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់( តូច១កញ្ចប់ មធ្យម១កញ្ចប់)នៅនឹងខ្លួនជនសង្ស័យ ហើយនាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាលដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ,ឈ្មោះប៉េង ឈាង បានសារភាពថា គ្រឿងញៀនចំនួន ០២កញ្ចប់(តូច១កញ្ចប់ មធ្យម ១កញ្ចប់)ខ្លួនបានទិញពី ឈ្មោះនី វ៉ាន់ណេត
ភេទប្រុស អាយុ ៣១ឆ្នាំ នៅចំណុចភូមិចុងកោះគរឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ក្នុង០២កញ្ចប់(តូច១កញ្ចប់ មធ្យម១កញ្ចប់) តម្លៃ ២០០០០០រៀល(ម្ភៃម៉ឺនរៀល) ដើម្បីយកមកប្រើប្រាស់(ជក់)។បន្ទាប់មកនៅវេលាម៉ោង០៥និង៣៥នាទីថ្ងៃដដែល លោកហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យឈ្មោះនី វ៉ាន់ណេត ខាងលើនាំមកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវីធី។
លុះមកដល់ ថ្ងៃទី១១ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៥និង៥០នាទីកម្លាំងប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ស្វាយប្រទាល បញ្ជាដឹកនាំដោយលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងនិងមានការចូលរួមពី លោកក្រុមប្រឹក្សាឃុំស្វាយប្រទាល និងលោកមេភូមិចុងកោះគរ បានឃាត់ខ្លួនឈ្មោះ នី វ៉ាន់ណេត និងដកហូតបានម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកក)១កញ្ចប់ធំនិងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។
នៅចំពោះមុខសម្ថកិច្ច ឈ្មោះ នីវ៉ាន់ណេតបានសារភាពថា ខ្លួនបានទិញគ្រឿងញៀន ពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំវាលខ្សាច់ សង្កាត់ចាក់អង្រែ ក្រុងភ្នំពេញ ក្នុង១កញ្ចប់តម្លៃ ៥០០០០០រៀល(ហាសិបម៉ឺនរៀល)ដើម្បីយកមកលក់បន្ត ក្នុង១កញ្ចប់តូចតំលៃ៣០០០០រៀល(បីម៉ឺនរៀល)ទៅ២០០០០០រៀល(ម្ភៃម៉ឺនរៀល)។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើបានរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកដើម្បី កសាងសុំណុំរឿងតាមនីតិវិធីនៃច្បាប់៕ដោយ ភាវុន