អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងជំរុញដល់គ្រូពេទ្យជួរមុខ ឱ្យខិត្តខំបំពេញភារកិច្ច ហើយលើកទឹកឱ្យពលរដ្ឋចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់ៗគ្នា

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង មានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារ មន្រ្តីរាជការមកពីតាមមន្ទីរជុំវិញខេត្ត បានចុះត្រួតពិនិត្យ និង លើកទឹកចិត្តក្រុមគ្រូពេទ្យជួរមុខ ដែលបានជួយក្នុងកិច្ចការចាក់វ៉ាក់សាំងកូវីដ ១៩ តាមគោលដៅ ហើយជំរុញឱ្យមន្រ្តីរាជការទាំងអស់បន្ត ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេសផងដែរ ។ លោកជំទាវ អភិបាលខេត្ត ក៏បានលើកទឹកឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមចូលរួមក្នុងការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។ នៅក្នុងដំណើរចុះពិនិត្យនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្រ្តីរាជការ និងគ្រួសារអតីតយុទ្ធជននៅតាមគោលដៅនីមួយៗនេះ ស្ថិតនៅក្នុងមន្ទីរសុខាភិបាលខេត្ត និងមណ្ឌលសុខភាពភ្នំស្ពង់ ក្នុងស្រុកសាលាក្រៅ នៅថ្ងៃចុងសប្តាហ៍នេះ លោកជំទាវអភិបាលខេត្ត បានធ្វើការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ក្នុងខេត្តប៉ៃលិន ដែលបានលះបង់ពេលវេលា និងខិតខំបំពេញភារកិច្ច ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងយកចិត្តទុកដាក់ នៅតាមគោលដៅរបស់ខ្លួននីមួយៗ។ ក្នុងឱកាសនោះដែរ លោក ជំទាវ អភិបាលខេត្ត ក៏បានលើកឡើងនូវបញ្ហាជំងឺកូវីដ ១៩ ដែលកំពុងតែបន្តវាយលុកនៅក្នុងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ ចូលក្នុងសហគមន៍ ២០កុម្ភៈ លើកទី៣ យ៉ាងធ្ងន់ធ្ងរ ដោយមិនទាន់ថមថយទៅ វិញនៅឡើយទេ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា និងដាក់បានចេញនូវវិធានការស្ទើររាល់ថ្ងៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នេះ ដែលជាសត្រូវគ្មានស្រមោល និង មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ លោកជំទាវអភិបាលខេត្ត ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចុះឈ្មោះទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ~១៩ ឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដោយត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឬជែល ឱ្យបានញឹកញាប់ ត្រូវមានគម្លាតសុវត្ថិភាពឱ្យ បានចំងាយ១.៥០ម៉ែត្រ ទៅ២ម៉ែត្រ និងត្រូវពាក់ម៉ាសការពារ ពេលធ្វើដំណើរចេញទៅក្រៅ ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍កាន់តែរីកធំទៅៗ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *