ប្តីយកប្រេងសាំងស្រោចលើប្រពន្ធនិងខ្លួនឯងបម្រុងដុតសម្លាប់បានអ្នកស្រុកជួយទាន់

កណ្តាល ៖ មានករណីប្តីប៉ុនប៉ងឃាតកម្ម យកប្រេងសាំងស្រោចលើប្រពន្ធនិងខ្លួនឯងបម្រុងដុតសម្លាប់ត្រូវបានអ្នកស្រុកជួយទាន់ ដែលហេតុការណ៍នេះកើតឡើងនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨និង៤០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ វ៉ន ស្រីមុំ ស្ថិតក្នុងភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះ០២នាក់រួមមាន ១-ឈ្មោះ រុំ សុខន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ(ត្រូវជាប្រន្ធជនសង្ស័យ)និង២-ឈ្មោះ វ៉ន ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មការិនីរោងចក្រអ្នកទាំងពីរមានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យឈ្មោះ ហួន ហឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)។វត្ថុតាងចាប់យក១-ដបទឹកបរិសុទ្ធ ចំនួន ០១ ធ្វើអំពីជ័រ ចំណុះ ៥០០ ម.ល  មានសាំងនៅក្នុងដប់បន្តិចនិង២-ដែកកេះ ចំនួន០១ពណ៌ក្រហម។

ប៉ូលិសបន្តថា កន្លងមកជនសង្ស័យតែងតែរករឿងនិងប្រើហិង្សាទៅលើឈ្មោះ រុំ សុខន ត្រូវជាប្រពន្ធជាញឹកញាប់ ហើយនៅមុនពេលកើតហេតុ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបានរករឿងឈ្មោះ រុំ សុខន ជាប្រពន្ធម្ដងទៀត ហើយឈ្មោះ រុំ សុខន បានគេចទៅស្នាក់នៅជាមួយប្អូនរបស់ខ្លួនដោយមិនបានចូលផ្ទះ ។

បន្ទាប់មកនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨និង៤០នាទី ខណ:ពេលដែលឈ្មោះ រុំ សុខន កំពុងធ្វើការនៅផ្ទះឈ្មោះ វ៉ន ស្រីមុំ ពេលនោះជនសង្ស័យឈ្មោះ ហួន ហឿន បានយកប្រេងសាំង១ដប ចំណុះ ៥០០ម.ល និងដែកកេះ ១ដើម ទៅកន្លែងកើតហេតុ ហើយបានស្រែកគំរាមឈ្មោះ រុំ សុខន ជាប្រពន្ធឱ្យចេញមកក្រៅ ។

ពេលដែលប្រពន្ធរបស់ខ្លួនចេញមកជួបខ្លួន ពេលនោះជនសង្ស័យបានចាប់ជនរងគ្រោះ ហើយបានយកប្រេងសាំងចាក់ទៅខ្លួនប្រពន្ធនិងខ្លួនឯង ក្នុងគោលបំណងដុតសម្លាប់ប្រពន្ធ និងខ្លួនឯង តែត្រូវបានម្ចាស់ផ្ទះនិងអ្នកធ្វើការនៅទីនោះចាប់ឃាត់ទាន់ ទើបមិនបណ្ដាលឱ្យនរណាម្នាក់មានគ្រោះថ្នាក់នោះទេ ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង មកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយ ភា​វុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *