ព្រះវិហារៈ នារសៀលទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារសមាគមន៍ អតីតយុទ្ធ ជនកម្ពុជា ខេត្ត ស្រុក ចុះទៅពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអតីតយុទ្ធជននៅមណ្ឌល សុខភាពភ្នំដែក ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ។ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ប្រធានបានបញ្ជាក់ថា ការវ៉ាក់សាំងកូវីដ-១៩ គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងជួយបុគ្គលណាដែល ឆ្លងជំងឺកូវីដ-១៩ ឲ្យនៅរស់រានមានជីវិត ហើយសូមបងប្អូនសមាជិកទាំងអស់កុំជឿតាមពាក្យញុះញ៉ុងរបស់ជនអកតិបំផុសក្លែងបន្លំព័ត៌មាន។ ឯកឧត្ដម ច័ន្ទ សុភ័ក្រ្តា ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីឱ្យបាន ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោក។ ឯកឧត្ដម ឧត្តមសេនីយ៍ទោ បានលើកឡើងថា បងប្អូនដឹងទេបច្ចុប្បន្ននេះ វ៉ាក់សាំងការពារកូវិដ១៩ កំពុងមានទីផ្សារខ្ពស់ណាស់ ត្រូវការចាំបាច់ណាស់ចំពោះមនុស្សជាតិលើ ពិភពលោក។ តែពលរដ្ឋកម្ពុជា និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំ ហើយសម្តេចបានស្វះស្វែងរកវ៉ាក់សាំងនេះមកចាក់ជូនពួកយើង។ មានវ៉ាក់សាំង គឺយើងមានសង្ឃឹម ការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះផងដែរ៕SPS