ខេត្តប៉ៃលិន ៖ កាលពីថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និង ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា បានដឹកនាំ ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាស្រុក មន្រ្តីប្រតិបត្តិសាខា និងមានការអញ្ជើញចូលរួមពី ក្រុមការងារចុះជួយមូលដ្ឋានផងដែរ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីរសៀលម៉ោង៤:៣០នាទីនាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ចំនួន៦ គ្រួសារ នៅក្នុងឃុំស្ទឹងត្រង់ ឃុំអូរអណ្តូង និង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ សំភារៈដែលផ្តល់រួមមានគឺ ស័ង្កសីសរុបចំនួន៧១សន្លឹក ទទួលបានការឧបត្ថម្ភពីលោក សំ សារ៉េត ប្រធានកិត្តិយស អនុសាខាស្រុកសាលាក្រៅ ហើយនឹងបានជូនសម្ភារៈ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម , មី០១កេសតូច, ឃីត០១(មុង ០១ ក្រមា ០១ កន្ទេល ០១ សារុង ០១) , ទឹកស៉ីអ៉ីវ ០៣ដប , និង ថវិកា ៥០,០០០រៀល ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកជំទាវអនុប្រធានអចិន្ត្រៃសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កាបាទក្រហមកម្ពុជាខេត្តប៉ៃលិន ជាពិសេសដោយមានគិតគូរ និង យកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក និងជនរងគ្រោះងាយគ្រោះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកជំទាវបានមានមតិណែនាំដល់បងប្អូនពលរដ្ឋ សូមឱ្យមានការប្រុងយ័ត្នខ្ពស់ និងអប់រំអោយមានការយល់ដឹងអំពីវិធានការការពារខ្លួន ៣ការពារ ៣កុំ និង ២ចូលរួម អោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុលឬ ជែល ពាក់ម៉ាសជាប់ជាប្រចាំ រក្សាគម្លាតសុវត្ថិភាពសង្គម និង គម្លាតបុគ្គល ១ម៉ែត្រកន្លះយ៉ាងតិចបំផុតជៀសវាងការជួបជុំដែលមានការប្រមូលផ្តុំមនុស្សច្រើន ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 កុំអោយមានការបន្តឆ្លងចូលក្នុងសហគមន៍ ៕ ដោយ ៖ នីយ៉ា