ក្រុមការងារយុវជន ស.ស.យ.ក ខេត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយសមត្ថកិច្ច បន្តចុះផ្សព្វផ្សាយវិធានការ (៣ការពារ ៣កុំ)

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង ជាប្រធានស.ស.យ.ក ខេត្ត បានចាត់ក្រុមការងារយុវជនស.ស.យ.កខេត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយសមត្ថកិច្ច បន្តចុះផ្សព្វផ្សាយវិធានការ (៣ការពារ ៣កុំ) និងការផាកពិន័យលើការមិនពាក់ម៉ាសតាមទីសាធារណៈ ក្នុងស្រុកសាក្រៅ និងក្រុងប៉ៃលិន ។

ក្នុងការចុះណែនាំ ដោយអនុវត្តតាមអនុសាសន៍ណែនាំពីសំណាក់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ យុវជនសហភាពសហព័ន្ធយុវជន កម្ពុជា(ស.ស.យ.ក ) ខេត្តប៉ៃលិន សហការជាមួយយុវជនកាកបាទក្រហមខេត្ត រួមជាមួយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរបានបន្តបើកយុទ្ធនាការផ្សព្វផ្សាយអំពីវិធានរឹតត្បិតកាតព្វកិច្ចពាក់ម៉ាស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមគោលដៅរៀងៗខ្លួន ។

ទន្ទឹមនេះ ក្រុមការងារ ក៏បានផ្សព្វផ្សាយ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៤៤សសរ ស្តីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះបានបញ្ជ្រាប ឲ្យពលរដ្ឋអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ហើយត្រូវចាំថាយើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងឡើយ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *