ខេត្តស្វាយរៀង៖លោក កែវចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំក្រោលគោស្រុកស្វាយជ្រុំកាលពីថ្ងៃទី 8 ខែមេសាឆ្នាំ 2021 បានដឹកនាំក្រុម អ្នកសារព័ត៌មាននៅស្ថាប័ននានាប្រចាំខេត្តស្វាយរៀងដើម្បីយកអំណោយជាថវិកានិងសម្ភារៈមួយចំនួនទៅផ្ដល់ជូនរដ្ឋបាលឃុំក្រោលគោស្រុកស្វាយជ្រំដើម្បីរៀបចំធ្វើសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ។ ចំពោះអំណោយដែលផ្ដល់ជូនរដ្ឋបាលឃុំក្រោលគោ ដើម្បីចាត់ចែងក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ19 នាពេលនេះមាន៖ ទឹកសុទ្ធ 100 យូរ ទឹកដោះគោខាប់ 4 កេះ អាលកុលពីរកានស្មើនឹង 60 លីត្រ ម៉ាស 10 ប្រអប់ ស្ករស 8 គីឡូក្រាម តែ 8 កញ្ចប់ និងថវិកា 5 សែនរៀល។លោក កែវចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងនិងជា អនុប្រធានក្រុមការងារចុះជួយឃុំក្រោគោស្រុកស្វាយជ្រំខេត្តស្វាយរៀងបានបញ្ជាក់ឲ្យដឹងថា៖ចំពោះអំណោយជាសម្ភារៈរួមនឹងថវិកាយកប្រគល់ជូនឃុំនៅពេលនេះគឺបានមកពីការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីអ្នកសារព័ត៌មានជាច្រើនស្ថាប័នក្នុងខេត្តស្វាយរៀង ទោះបីមានចំនួនតិចក្តីច្រើន ក្តី តាមលទ្ធភាពរបស់ ស្ថាប័ននីមួយៗតាមរយៈមន្ទីរព័ត៌មានខេត្តក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋបាលខេត្តស្វាយរៀងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19។ហើយអំណោយនេះផងដែរគឺសម្រាប់ផ្ដល់ជូនព្រះសង្ឃប្រជាពលរដ្ឋនិងកងកម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងនៅតាមគោលដៅនានាក្នុងឃុំក្រោលគោ។លោកភោគ វណ្ណថនប្រធានក្រុមប្រឹក្សាឃុំក្រោលគោស្រុកស្វាយជ្រំ បានថ្លែងការកោតសរសើរនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែវចន្ទ័លី ប្រធានមន្ទីរ ព័ត៌មានខេត្តអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោជាពិសេសអ្នកសារព័ត៌មានទាំងអស់ទាំងទូរទស្សន៍ ទាំងវិទ្យុ ទាំងកាសែត និងទូរទស្សន៍អនឡាញទាំងអស់នៅក្នុងខេត្តស្វាយរៀង ដែលបាន ជួយឧបត្ថម្ភទាំងថវិកានិងសម្ភារៈផ្សេងៗដល់រដ្ឋបាលឃុំក្រោលគោនៅពេលនេះដើម្បីចាត់ចែងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-19។