អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យគោលដៅ អនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ខេត្ត រយៈពេល ខ្លី

កំពង់ចាម :  បន្ទាប់ពី ទទួល បាន ការណែនាំ ដ៏ខ្ពស់ខ្ពស់ របស់  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បានដឹកនាំមន្ត្រី ពាក់ព័ន្ធ  និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេច លេខ ៤៤សសរ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ ជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ នៅគោលដៅក្រុងកំពង់ចាម និងស្រុកបាធាយ ។

ឯកឧត្តម អ៊ុន ចាន់ដា បាន ថ្លែង ថា ការ អនុវត្ត សេចក្តី សម្រេច  នេះ  គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ និងអនុវត្តតាមសេចក្តីណែនាំ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្ត  និង ខេត្ត ក្នុងគោលបំណងចូលរួម ជាមួយរាជរដ្ឋាភិបាល ដេីម្បី ទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩ ពិសេស ការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ តាមរយៈការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយ ពិសេស ពីតំបន់ដែលមានហានិភ័យខ្ពស់ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បាន ណែនាំ គ្រប់គោលដៅទាំងអស់ ត្រូវហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន  រយៈពេល១៤ថ្ងៃ ប៉ុន្តែ ត្រូវ អនុញ្ញាត ឲ្យ ធ្វើ ដំណើរ  ចំពោះ អ្នក ដែលមាន លិខិត បញ្ជាក់ ពី មូលហេតុ ចាំបាច់ មួយ ចំនួន  តែ ត្រូវ វាស់ ស្ទង់ កម្តៅ ឲ្យ បាន ត្រឹមត្រូវ ផង ដែរ  ។

ជាមួយគ្នា នោះ  ឯកឧត្តម អ៊ុន ចាន់ដា ក៏បាន ផ្តល់ អំណោយជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក  ដែលកំពុងឈរជើងនៅក្នុងគោលដៅទាំង ២៣កន្លែង ដោយក្នុង  ១គោលដៅ ទទួលបាន ម៉ាសចំនួន ១.០០០ម៉ាស ជែលលាងដៃ ១០ដប មី៥កេស ទឹកសុទ្ធ ៥កេស អង្ករ ១០០គ.ក្រ ប្រដាប់វាស់កំដៅ ១គ្រឿង និងថវិកា ចំនួន ១លានរៀល ផងដែរ ។

គួរបញ្ជាក់ថា ផ្អែកតាមផែនការរួម របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម គឺបានកំណត់គោលដៅត្រួតពិនិត្យ ចំនួន២៣គោលដៅ នៅក្នុងក្រុង-ស្រុកចំនួន៨ ពោលគឺ ជាគោលដៅ ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ ក្នុងនោះមាន៖ ក្រុងកំពង់ចាម មានចំនួន ១គោលដៅ  ស្រុកបាធាយ មានចំនួន ២គោលដៅ ស្រុកជើងព្រៃ មានចំនួន ១គោលដៅ ស្រុកស្រីសន្ធរ មានចំនួន ៥គោលដៅ ស្រុកកងមាស មានចំនួន ២គោលដៅ ស្រុកកោះសូទិន មានចំនួន ២គោលដៅ ស្រុកចំការលើ មានចំនួន ៤គោលដៅ និងស្រុកស្ទឹងត្រង់ មានចំនួន  ៥គោលដៅ ។  ក្នុង នោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានចាត់ឲ្យឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ដឹកនាំមន្ត្រី ពាក់ព័ន្ធ  និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យនៅតាមគោលដៅផ្សេងៗ និងផ្ដល់ជាអំណោយផងដែរ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *