ខេត្តប៉ៃលិន ៖ ក្នុងពេលមានប្រជាពលរដ្ឋមួយចំនួន ទើបតែចូលមកពីតាមបណ្តាខេត្តនានា និង រាជធានីភ្នំពេញ ខណ:ពេលនៅទីនោះកំពុងតែផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ ។ ទើបអាជ្ញាធរខេត្តប៉ៃលិន ណែនាំឱ្យពួកគាត់ ធ្វើចត្តាឡីស័កក្នុងផ្ទះមួយរយ:ពេលសិន(១៤ថ្ងៃ) ដើម្បីរក្សាការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ពេលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ មិនអាចចេញទៅប្រកបមុខរបរបាន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារ ចុះទៅសួរសុខទុក្ខ និងផ្តល់ស្បៀងតែម្តង ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោក សៀ សុខុម អនុប្រធាន ស.ស.យ.កខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ បានដឹកនាំក្រុមការងារ ស.ស.យ.ក មូលដ្ឋាន នាំយកស្បៀង ចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្កាឡីស័កក្នុងផ្ទះតាមភូមិនានា ចំនួន០៥គ្រួសារ ក្នុងនោះគ្រួសារក្រីក្រ១គ្រួសារ ។
ក្នុងការចុះសួរសុខទុក្ខ និងផ្តល់ស្បៀងដល់ពលរដ្ឋ កំពុងធ្វើចត្តាឡីស័កក្នុងផ្ទះ លោក សៀ សុខុម អនុប្រធាន ស.ស.យ.កខេត្ត បានមានប្រសាសន៍ថា ៖ បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត លោកបានដឹននាំក្រុមការងារ ស.ស.យ.ក មូលដ្ឋានផ្តល់ស្បៀងជាគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋចំនួន០៥គ្រួសារខាងលើ ។ លោកបន្តទៀតថា ទន្ទឹមនឹងការផ្តល់ស្បៀងនោះដែរ ក្រុមការងារ ក៏បានឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ និងអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ (០៣ការពារ និង០៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រ សួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ លោកបញ្ជាក់ថា មិនត្រូវឱ្យប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័ក ដើរហើរចេញពីក្រៅផ្ទះ ដោយគ្មានការអនុញ្ញាតនោះឡើយ ។ បើសិនជាស្រឡាញ់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ត្រូវតែចូលរួមស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ។
សូមបញ្ជាក់ផងដែរថា ៖ ស្បៀងដែលក្រុមការងារយុវជនស.ស.យ.ក ចុះចែកជូនដល់គ្រួសារធ្វើចក្តាឡីស័កនៅផ្ទះនីមួយៗ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី០១កេះ, ទឹកត្រី០៣ដប, ទឹកស៊ីអ៊ីវ០១យួរ, អំបិល០១គីឡូក្រាម, ប៊ីចេង០១ថង់, ស្ករស០១គីឡូក្រាម, ទឹកសុទ្ធ០៤យួរ, សាប៊ូ០២ដុំ, ពងទា៣០គ្រាប់, ខ្លាញ់០១ដប និងត្រីខ០១ឡូផងដែរ ៕ ដោយ ៖ នីយ៉ា