ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យដាក់គោលដៅចំនួន៨កន្លែង អនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្កា និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។
គោលដៅ ដែលខេត្ត បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៧សំខាន់ៗរួមមាន៖ ១-ស្រុកមង្គលបូរី០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង, ២-ស្រុកម៉ាឡៃ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង, ៣-ព្រះនេត្រព្រះ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀមរាប, ៤-ស្រុកភ្នំស្រុក០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀមរាប និងឧត្តរមានជ័យ, ៥-ស្រុកថ្មពួក ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ខេត្តនីមួយៗ។ នៅក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ខិតខំអនុវត្តវិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ នូវគោលបំណង នៃបទបញ្ជា ដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចេះបង្កាទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ សៅ នៅ