កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត នាព្រឹក ថ្ងៃ ទី ៧ ខែមេសា ឆ្នាំ ២០២១ នេះបានអញ្ជើញចូលរួមជាមួយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បើកប្រតិបត្តិការស្រង់យក ខ្មោច នាវា ចម្បាំង ១គ្រឿង និង គ្រាប់ យុទ្ធភ័ណ មិន ទាន់ ផ្ទុះ ប្រមាណ ជាង ១៦តោន ដែលបានលិច ក្នុង ទន្លេ មេគង្គ កាលពី សម័យ សង្គ្រាម នាទសវត្សរ៍ ឆ្នាំ ១៩៧០ ស្ថិត នៅក្នុង ភូមិ វាល ឃុំ មានជ័យ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម ដែល មាន ទាំង បំណែក ឆ្អឹង សព ទាហាន និង របស់របរ មួយ ចំនួន ផងដែរ ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បាន ថ្លែង ថា ប្រតិបត្តិការបោស សម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវាជាមោទនភាពមួយទៀតសម្រាប់កម្ពុជា។
ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឲ្យដឹងថា ប្រតិបត្តិ ការណ៍ ស្រង់នាវាចម្បាំងនេះ មានគ្រាប់ប្រមាណ៩០ភាគរយ ដែលមានសភាពល្អ មិនទាន់ផ្ទុះ នឹងត្រូវដោះបន្សាប ដោះបន្សាបសម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ ដោយឡែក សល់បំណែកគ្រាប់១០%ទៀត ដែលជាគ្រាប់ខូច ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន ដែល ត្រូវ ធ្វើការកំទេចចោល។ ក្នុង ប្រតិបត្តិការណ៍ នេះដែរ កងកម្លាំង ជំនាញបានខិតខំប្រឹងប្រែង ក្នុងស្ថានភាពស្មុគ្រស្មាញ និងប្រឈមគ្រោះថ្នាក់បំផុត ក្នុងការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានសរុបប្រមាណជាង១៦តោន ហើយតាមការសន្និដ្ឋានចំនួន មនុស្សដែលស្លាប់មានប្រ មាណចាប់ពី៥ទៅ៨នាក់ក្នុងនាវាមួយនេះ។
ជាមួយ គ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន សំដែង នូវ ការ កោតសរសើរ និង ថ្លែង អំណរគុណ ដល់ក្រុមការងារបច្ចេកទេសទាំងអស់ រួមនឹងអាជ្ញាធរពាក់ព័ន្ធ ដែល បានចូលរួមក្នុងសកម្មភាព ដោយប្រុងប្រយ័ត្ន និងធានាបាននូវសុខសុវត្ថិភាព រហូត សម្រេច បាន ជោគជ័យ ដ៏ ធំធេង នេះ ៕