មន្ត្រីរាជការ និង គ្រូបង្រៀននៅតំបន់ជនបទ ស្រុកសាលាក្រៅ ទទួលបានការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩

ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ គេសង្កេតឃើញមានលោកមេភូមិ អនុភូមិ មេឃុំ មេឃុំរង សមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីសាលាស្រុកសាលាក្រៅ និងគ្រូបង្រៀន ត្រូវបានធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងបរិវេណមណ្ឌលសុខភាពភ្នំស្ពុង ស្រុកសាលាក្រៅ ។

ប្រភពព័ត៌មានពីកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានឱ្យដឹងថា ៖ បន្ទាប់ពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រូបង្រៀន នៅក្នុងក្រុងប៉ៃលិន បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមគ្រូពេទ្យ នៅក្នុងបរិវេណមន្ទីរសុខាភិបាលខេត្តប៉ៃលិន លើកទី១ និងទី២ រហូតមកដល់ពេលនេះ មន្រ្តីរាជការ និងគ្រូបង្រៀននៅតំបន់ជនបទ ក្នុងស្រុកសាលាក្រៅ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាលើកទី១ ។

ប្រភពបន្តទៀតថា អ្នកដែលមិនទាន់អាចទទួលការចាក់វ៉ាក់សាំងបានដូចជា ៖ បុគ្គលក្រោមអាយុ១៨ឆ្នាំ, មានអាការក្តៅខ្លួន, ជំងឺផ្លូវដង្ហើម, ជំងឺហឺត, ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ, ជំងឺអាឡាក់ស៊ី ជំងឺប្រទាលត្រអាក, មានប្រវត្តិប្រតិម្មជាមួយវ៉ាក់សាំង, ជំងឺថ្លើម, ជំងឺតម្រងនោមធ្ងន់ធ្ងរ , ជំងឺលើសឈាមដែលប្រើថ្នាំគ្រប់គ្រងលែងបាន, ជំងឺទឹកនោមផ្អែម និងជំងឺសាច់ដុំមហារីក ។ ស្រ្តីមានផ្ទៃពោះ ឬស្រ្តីដែលបំបៅដោះកូន និងស្រ្តីមានផែនការពរពោះក្នុងរយ:ពេល៣ខែ, ជំងឺប្រកាច់ (កន្រ្តាក់) ជំងឺឆ្កួតជ្រូក(ស្កន់) ,ជំងឺសរសៃប្រសាទ, ជំងឺរលាកស្រោមខួរ ឬជំងឺតំណពូជ ជំងឺបញ្ហាប្រព័ន្ធសរសៃប្រសាទ,ជំងឺកង្វះភាពផ្សាំពីកំណើត, អ្នកផ្ទុកមេរោគអេដស៍, ជំងឺមហារីកកូនកណ្តុរ, ជំងឺឈាមស ឬមានជំងឺភាពស៊ាំជាដើម ។

ប្រភពដដែលបញ្ជាក់ថា ក្រោយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចនឹងមានផលរំខានខ្លះ ដូចជា ៖ ឈឺ ឬហើមតិចតួចនៅកន្លែងចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ ដែលនឹងបាត់ទៅវិញក្នុងរយ:ពេល២ ឬ៣ថ្ងៃ ។ អ្នកចាក់វ៉ាក់សាំងអាចលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅ ប្រសិនបើមិនមានបញ្ហាសុខភាព ដែលគ្រូពេទ្យហាមមិនឱ្យលេបថ្នាំប្រភេទនោះ ។ ម្យ៉ាងវិញទៀត ប្រសិនបើឈឺនៅចំកន្លែងចាក់ អាចស្អំជាមួយក្រណាត់សើមត្រជាក់ដែលស្អាត ។ កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅមុនពេលចាក់វ៉ាក់សាំង ដើម្បីការពារផលរំខាន ។ ផឹកទឹកឱ្យបានច្រើន និង បរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ហើយលើសពីនេះ ត្រូវអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ក៏ដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *