កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀល ថ្ងៃ ទី ៦ ខែមេសា ឆ្នាំ ២០២១ នេះ បាន ចាត់តាំង ក្រុម ការងារ មន្ទីរ សុខាភិបាល ចុះ បាញ់ ថ្នាំ សម្លាប់ មេរោគ នៅ ក្នុង ផ្សារ បឹងកុក ក្រុង កំពង់ចាម ខណៈសេវាកម្ម អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ដោយឡែក រម្មណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងខេត្តកំពង់ចាម ត្រូវផ្អាកសកម្មភាព ដែល ជា ការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។
គួរ បញ្ជាក់ ថា ក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេល ឆាប់ៗ ខាងមុខនេះ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។ ដើម្បីធានាការពារអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះវិស័យសង្គមកិច្ច ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ រដ្ឋបាលខេត្ត កំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល២ សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ និងសកម្មភាពអាជីវកម្មពេលរាត្រី រួមមានភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើនជាដើម។ ប៉ុន្តែ ត្រូវ បានលើកលែងនូវការជួបជុំជាលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋានជាមួយ គ្នា ៕