នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ប្រាប់ទាហានឈរជើងតាមព្រំដែនសមរភូមិទិសទី១ ប្រាសាទព្រះវិហារ ត្រូវការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩

ព្រះវិហារ៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាល សួរសុខទុក្ខជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលជាអង្គភាពសម្ព័ន្ធមេត្រី ជាមួយនឹងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៦ មេសា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេច តែងគិតគូរយកចិត្តទុក្ខ ដាក់ជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ព។

លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណតាមរយៈលោក ផាន និម្មិត ជូនចំពោះលោកនាយកខុទ្ទកាល័យសម្តេចតេជោ ដែលជានិច្ចជាកាលលោកតែងគិតគូរដើម្បីឲ្យការ មកសួរសុខទុក្ខនេះបានធ្វើជាទៀងទាត់មួយឆ្នាំ៣ដង។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងកោតសរសើរ ដល់នាយ និងពលទាហានទាំងអស់ ក្នុងវរសេនា តូចលេខ៣៨៥ ដែលអនុវត្តបានល្អតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៣កុំនិង៣ការពារ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ថ្លែងក្នុងពិធី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងថា ក្នុងឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩មានចំនួន តែជាង៤០០នាក់ប៉ុណ្ណោះ តែរហូតមកដល់ថ្ងៃនេះជិត៣០០០នាក់ ហើយ។ ចំនួននេះអាចមិនមានការថមថយទេ បើយើងទាំងអស់គ្នាមិនចូលរួមការពារ មិនចូលរួមទប់ស្កាត់ ព្រឹត្តិការសហគមន៍២០កុម្ភៈនោះ។វ៉ាក់សាំងការពារទោះបីបានចាក់ហើយក៏នៅតែឆ្លងដែរ បើយើងមិនបានអនុវត្តន៍វិធានការការពារឲ្យបានត្រឹមត្រូវនេះ ដូចច្នេះហើយសូមអោយ នាយទាហាន នាយទាហានរង និងពលទាហានឈរជើងតាមព្រំដែននៅសរភូមិទិសទី១ ប្រាសាទព្រះវិហារ ត្រូវការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំងការពាររួច ហើយក៏ដោយ។ ហើយលោកក៏ផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តរួមសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អ។

ក្នុងឱកាសនោះ ក្នុងនាមអង្គភាពសម្ព័ន្ធមេត្រី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តល់ថវិកា ចំនួន ៥០០០ដុល្លារ សម្រាប់កសាងអង្ភភាព ផ្តល់សេរ៉ូម និងចែកជូនកងទ័ពក្នុងម្នាក់ៗថវិកា ១៦ម៉ឺនរៀល ផងដែរ។ ហើយលោកក៏បានថ្លែងនូវការអរគុណដល់លោកសាស្ត្រាចារ្យ ហាស់ ចាន់រឿន លោក សាស្ត្រាចារ្យ អ៊ូច ឌីណា លោក ឯក ឡុញហ៊ាល និងលោក តាំង ស៊ុយជា ដែលបានចូលរួម ជាថវិកាក្នុងការទិញសម្ភារផ្សេងៗផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *