លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការ គ្រប់មន្ទីរជុំវិញខេត្ត រៀបចំពិធី សូត្រមន្ត ប្រោះព្រំលើករាសីដើម្បី សុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ គ.ស២០២១

ខេត្តប៉ៃលិន ៖ នៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការ គ្រប់មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមានការអញ្ជើញចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្ត បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំលើករាសីដើម្បី សុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព . ស ២៥៦៤ គ . ស២០២១ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងពិធីសូត្រមន្តប្រោះព្រំលើករាសី នៅពេលនេះ បានប្រារព្ធធ្វើឡើងតាមទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា រៀបចំបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធបដិមា និងនមសក្កាព្រះរតនត្រៃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ គ.ស២០២១ ជូនដល់មន្តី្ររាជការបងប្អូនជនរួមជាតិទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឲ្យទទួលបានសេរីសួស្តី ចៀសផុតពីគ្រោះឧបទ្រពចង្រៃ នាំមកនូវសេចក្តីចំរើនរុងរឿង រកស៊ីមានបាន បំពេញភារកិច្ច អភិវឌ្ឍន៍ខេត្តប៉ៃលិនឲ្យរីកចំរើនឡើង ។

លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនំា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមល្អ បានធ្វើឲ្យយើងមានឱកាសស្តារកសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន  និងប្រជាពលរដ្ឋមានជីវភាពល្អប្រសើររឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកជំទាវបានបន្តទៀតថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលខេត្ត ដែលមានការនឿយហត់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំមកនេះ ។ ទន្ទឹមនឹងនេះលោកជំទាវសូមបួងសួងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមទទួលនូវសព្ទសាធុការពរជ័យ បវរមហាប្រសើរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នក នាងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ទាំងអស់ សូមទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល និងជ័យជម្នះគ្រប់ភារកិច្ច និងសូមទទួលបាននូវពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តន៍ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះដែរ លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រគេនទេយ្យទានដល់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឧទ្ទិសមហាកុសល ជូនទៅដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំ មន្ត្រី រាជការ ដែលបានធ្វើមរណ:កាលទៅកាន់លោកខាងមុខហើយនោះ សូមឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *