ភ្នំពេញ÷ ស្របពេលដែលដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់ថ្នាក់ដឹកនាំរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសារពត៌មាន និងប្រជាពលរដ្ឋ បាននិងកំពុងតែប្រព្រឹត្ដិទៅនៅតាមរាជធានី ខេត្ដ ដែលរហូតមកដល់ពេលនេះ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបញ្ជាក់ថា មានអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩រួច ចំនួនជាង២០ម៉ឺន នាក់ នៅទូទាំងប្រទេស ។ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចប្រធាន អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់បងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសនោះ ក្រុមការងារអនុគណៈកម្មការចាក់វ៉ាក់សាំងរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក៍បានបើកកិច្ចប្រជុំពិភាក្សាការងារបន្ទាន់មួយដើម្បីរៀបចំទីកន្លែង និងក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំងការពារជំងឺកូវីត ១៩ ជូនដល់បងប្អូនសមាជិកអតីតយុទ្ធជននៅទូទាំងប្រទេស ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ អគ្គលេខារងនិងជាប្រធានអនុគណ:កម្មការចាក់វ៉ាក់សាំង របស់សមាគមអតីតយុទ្ជជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោក ជាប្រធាន អនុប្រធានសុខាភិបាលក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលា សមាជិកក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា និងផ្នែកជំនាញសុខាភិបាល មកពីគ្រប់យោធភូមិភាគ យោធារាជធានី ខេត្ត ក្នុងកងយោធពលខេមរៈភូមិន្ទជាច្រើនរូប ។ សម្រាប់ក្រុមសមាជិកអតីតយុទ្ធជន និងគ្រួសារ ក៍ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់ចូលក្នុងក្រុមអាទិភាព ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ បន្ទាប់ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធររាជធានី ខេត្ដ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលផងដែរ ។ ក្រោយពីទទួលបានការអនុញ្ញាត របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះ ក្រុមការងារអនុគណកម្មការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់សមាគមអតីតយុទ្ធជនកម្ពុជា បានស្នើទៅគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងក្របខ័ណ្ឌទូទាំង ប្រទេស ដោយសហការជាមួយ ក្រសួងសុខាភិបាល និងផ្នែកសុខាភិបាលរបស់កងទ័ពតាមមូលដ្ឋាន សុំចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់បងប្អូនសមាជិកអតីតយុទ្ធជន ក្នុងក្របខ័ណ្ឌសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានចំនួនសរុបប្រមាណជា ៧ម៉ឺន ៩ពាន់ ៤៦៣នាក់ ដោយចែកចេញជា ៥មុខសញ្ញា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ ។ បើតាមមន្រ្ដីជាន់ខ្ពស់របស់អនុគណ:កម្មការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ ១៩ របស់សមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ សមាគម បានរៀបចំត្រៀមទីកន្លែង និងមុខសញ្ញា សមាជិកអតីតយុទ្ធជន សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បងប្អូនសមាជិកអតីតយុទ្ធជនយើងរួចរាល់ហើយ ដែលការងារនេះនឹងត្រូវធ្វើឡើងសម្រាប់រាជធានីភ្នំពេញចាប់ពីថ្ងៃទី០៧.ទី០៨ ខែមេសា ឆ្នាំ២០២១នេះនៅមន្ទីពេទ្យព្រះកេតុមាលា ហើយនិងបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់សមាជិកអតីតយុទ្ធជនតាមបណ្តាខេត្តគោលដៅហានីភ័យខ្ពស់បន្តបន្ទាប់ទៅតាមការជូនដំណឹងពីក្រុមការងារអនុគណកម្មការចាក់វ៉ាក់សាំងការពារកូវីដ ១៩ របស់សមាគមអតីតយុទ្ធជនកម្ពុជា ។ ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវាការពារជាតិ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង កូវីដ១៩ ក្នុងក្របខ័ណ្ឌសមាគមអតីតយុទ្ធជនកម្ពុជាបានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩នេះ គឺផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន មិនថាប្រជាពលរដ្ឋទូទៅ ឬសមាជិកអតីតយុទ្ធជននោះទេ គឺការចាក់វ៉ាក់សាំងនេះ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ ១៩ មកក្នុងសហគមន៍ ។ ឯកឧត្ដមបានបន្ដថា ចំពោះបងប្អូនសមាជិកអតីតយុទ្ធជន ក្រុមការងារមានរៀបចំ ចាក់វ៉ាក់សាំងជូនដល់បងប្អូននេះ ដោយមើលឃើញថា បងប្អូនសមាជិកអតីតយុទ្ធជនគឺជា ក្រុមគោលដៅមួយអាចប្រឈមមុខងាយរងគ្រោះ និងមានហានិភ័យផងដែរ ដូច្នេះប្រមុខរាជរដ្ឋាភិបាល បានកំណត់ថា បងប្អូនសមាជិកអតីតយុទ្ធជនក៏មាន អាទិភាព ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ដែរ ។ ឯកឧត្ដម មាស សាវ៉ន បានថ្លែងទៀតថា “ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់គិតគូចំពោះសុខមាលភាពសម្រាប់ បងប្អូនសមាជិកអតីតយុទ្ធយើង តាមរយៈនៃការផ្ដល់វ៉ាក់សាំងនេះឱ្យបានទាន់ពេលវេលា ។ ឯកឧត្តម មាស សាវ៉ន ក៏បានសំណូមពរដល់មេបញ្ជាការមេបញ្ជាការង ដែលជាប្រធានអនុប្រធានសមាគមអតីតយុទ្ធជនថ្នាក់ខេត្តទាំងអស់ត្រូវផ្សព្វផ្សាយដល់បងប្អូនដែលជាសមាជិកអតីតយុទ្ធជនពេលអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ទៅវិធានការ ៣ កុំ ៣ការពារ ពិសេសក៏បានសំណូមពរដល់កងកម្លាំងកងរាជអាវុធហត្ថចូលរួមសហការការពារ និងរៀបចំសណ្ដាប់ធ្នាប់នៅបរិវេណនៃទីកន្លែងសម្រាប់ផ្ដល់វ៉ាក់សាំង គឺដើម្បីកុំឱ្យមានលំហូរមនុស្សសម្រុកមកចាក់វ៉ាក់សាំងមាន ចំនួនច្រើន និងមកប្រជ្រៀតគ្នាជាលក្ខណ:ប្រមូលផ្តុំ មិនរក្សាឱ្យមានគម្លាតសុវត្ថិភាព ដែលនាំឱ្យមានការឆ្លងនៅជំងឺកូវីដ១៩ ។