អាជ្ញាធរខេត្តកំពង់ធំ តម្រូវឱ្យពលរដ្ឋមកពីតំបន់ហានិភ័យកូវីដ១៩ខ្ពស់ ធ្វើចត្តាឡីស័ក១៤ថ្ងៃក្នុងឱកាស ចូលឆ្នាំខ្មែរ

កំពង់ធំៈ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពី វិធានការរដ្ឋបាលជាបណ្ដោះអាសន្នរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់កូវីដ១៩ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

រដ្ឋបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរធ្វើការរឹតបន្តឹងការធ្វើដំណើរ ឬការដឹកជញ្ជូនមនុស្ស ដែលមានចំនួនច្រើន ហើយប្រជាពលរដ្ឋដែលត្រឡប់មកលេងស្រុកកំណើត ដែលមកពីតំបន់មាន ការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមលំនៅឋានរៀងៗខ្លួន ឬតាមមណ្ឌលចត្តាឡីស័កក្រុង ស្រុក ឬខេត្តតាមការជាក់ស្ដែង។

អាជ្ញាធរខេត្ត ក៏បានបញ្ជាឱ្យមន្ទីរទេសចរណ៍ខេត្ត ផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាព អាជីវកម្ម ចំពោះអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។ ចំពោះការកម្សាន្ត និងការប្រមូលផ្ដុំណាមួយ នៅរមណីយដ្ឋាន ធម្មជាតិ ប្រវត្តិសាស្ត្រ និងកែច្នៃនានា ត្រូវហាមឃាត់ផងដែរ។ ការជួបជុំទទួលទានអាហារ ភេសជ្ជៈ និងគ្រឿងស្រវឹង ត្រូវបានហាមឃាត់ លើកលែងការជួបជុំក្នុងចំណោមក្រុមគ្រួសារដែលនៅលំនៅឋាន ឬទីសំណាក់ជាមួយគ្នា៕ SPS

You might like

Leave a Reply

Your email address will not be published. Required fields are marked *