ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានច្រាំងអូរបាក់សង្កត់បណ្ដាលឲ្យស្លាប់ភ្លាមៗ។ហេតុការណ៍បានកើតឡើងវេលាម៉ោង៥និង៣០នាទី ថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ នៅស្ពានតូច ស្ថិតក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ចក់ ចែម អាយុ២១ឆ្នាំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
យោងតាមការបំភ្លឺរបស់ឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំនៅកន្លែងកើតហេតុខាងលើ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) និងឈ្មោះ ឌឿន ដា ភេទ ប្រុស អាយុ៣៧ឆ្នាំត្រូវជាបងប្អូនជីដូន បានឲ្យដឹងស្រដៀងគ្នាថាមុនពេលកើតហេតុខ្លួនបាននាំកូនទៅបង់សំណាញ់នៅស្ពានតូចប្រហែលម៉ោង១និង៣០នាទីរសៀល លុះដល់ម៉ោង៥និង៣០នាទី ល្ងាចស្រាប់តែកូនរបស់ខ្លួនបានយកសំណាញ់ ទៅគ្របនៅនឹងច្រាំងក្រោមគុម្ពឬស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរ ពេលកំពុងតែមុជរាវស្រវ៉ារកត្រីស្រាប់តែបាក់មាត់ច្រាំងសង្កត់មកលើកូន ខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ច និងបានហៅអាអ៊ិច (អេស្កាវទ័រ)មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក។
ការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេសឃើញថាសពមានស្លាកស្នាមដាច់រលាត់នៅលើ ភ្នែក និង ខ្ទង់ច្រមុះដែលបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរ។
តាមការធានាអះអាងរបស់ឪពុកបង្កើតថាកូនរបស់ខ្លួនពិតជាត្រូវបានបាក់ច្រាំងអូរសង្កត់ស្លាប់ពិត ប្រាកដមែន ពុំមានពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌឡើយ។
សមត្ថកិច្ចបញ្ជាក់ថាក្រោយការពិនិត្យយើងពុំឃើញមានអ្វីពាក់ព័ន្ធ និង ករណីបទល្មើសព្រហ្មទណ្ឌ ឡើយ ក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SKS