ខេត្តបាត់ដំបងៈពលករខ្មែរម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនក្មុងបន្ទប់ទឹកនៅមណ្ឌលចត្តាឡីស័កកម្រិត០១ស្រុកបវេល ដោយមិនដឹងមូលហេតុ។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងដែរថា÷ ករណីខាងលើនេះ ត្រូវបានក្រុមពលករដូចគ្នាបានប្រទះឃើញ និងបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ ០៦និង២៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចមណ្ឌលចត្តាឡីស័កស្រុកបវេល ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង។ លោកអធិការបន្ថែមថា÷ ជនរងគ្រោះជាពលករបានចេញ ពីប្រទេសថៃឆ្លងកាត់តាមច្រកទ្វាអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យហើយបានចូលមកធ្វើចត្តាឡីស័កក្មុងមណ្ឌលកម្រិត ១ អនុវិទ្យាល័យបវេលសាមគ្គី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២១កន្លងទៅនេះ។ ហើយបើយោងតាមរបាយការណ៍នៃមណ្ឌលចត្តាឡីស័កកម្រិត០១ របស់ស្រុកបវេលបានបញ្ជាក់ថា! ផ្អែកលើការពិនិត្យបឋមនៃករណីខាងលើនេះសង្ស័យជាអំពើធ្វើអត្តឃាតដោយចងកបញ្ចប់ជីវិតខ្លួនឯង ប៉ុន្តែមិនមានប្រភពណាមួយបានដឹងពីមូលហេតុពិតប្រាកដនោះនៅឡើយទេ។ជនរងគ្រោះមានឈ្មោះ នី ម៉ាប់ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ចំណែកប្រពន្ធ និងកូនកំពុងធ្វើការងារនៅប្រទេសថៃ។ ក្រោយការពិនិត្យរវាងកម្លាំងជំនាញបង្ហាញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែនព្រោះផ្តើមចេញពីកើតជំងឺផ្លូវចិត្ត ជាមួយគ្នា នេះសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យសាច់ញាតិក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីតែម្តង៕