ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នឹងជាប្រធានគណៈកម្មការប្រយុទ្ធ និងជំងឺកូវីដ១៩ខេត្ត នៅរសៀលថ្ងៃសៅរ៍៦រោច ខែចេត្រឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យ និងដឹកនាំកងកម្លាំង អាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល រៀបចំកន្លែងត្រៀមបម្រុងទុកសម្រាប់ ព្យាបាលអ្នកជំងឺកូវីដ១៩ គឺស្ថិតនៅទីតាំងអាគារស្នាក់នៅរបស់ក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយ មានចំនួន២អាគារ គឺអាគារCសម្រាប់ក្រុមគ្រូពេទ្យ និងអាគារE សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ មានចំនួន ២៨៨ បន្ទប់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ អញ្ជើញចូលរួមអមដំណើក្នុងឪកាសនោះមាន ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលក្រុងបាវិត រួមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធមួយចំនួនទៀត។ រដ្ឋបាលខេត្តស្វាយរៀង សូមថ្លែងអំណរគុណ និងកោតសសើចំពោះកងកម្លាំងទាំង៣ អាជ្ញាធរដែនដី ម្ចាស់អាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានចូលរួមចំណែកក្នុងការរៀបចំអាគារនេះ ទៅជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដនៅក្នុងខេត្តស្វាយរៀង ជាពិសេសក៏សូមថ្លែងនូវការ អរគុណចំពោះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ទូទាំងខេត្ត ដែលជាកងទ័ព្ធអាវស មិនត្រឹមតែចូលរួមក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួម ចំណែកយ៉ាងសកម្មក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ យ៉ាងយកចិត្តទុកដាក់បំផុត។ រដ្ឋបាលខេត្តសង្ឃឹមថា ស្ថានភាពជំងឺកូវីដ១៩ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត នឹងមានភាពធូស្រាលនៅពេលឆាប់ៗខាងមុខនេះ ។ ទន្ទឹមនេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់ នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ ” ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការ ប្រជាពលរដ្ឋយើងទាំងអស់គ្នា។