កណ្តាល ៖ បុរសជនជាតិវៀតណាមម្នាក់មានជំងឺលើសឈាម ហើយបានផឹកស្រាស្រវឹងដេកលើ អង្រឹង ក៏ធ្លាក់ពីលើអង្រឹងមកដីបណ្តាលឱ្យស្លាប់ បង្កការភ្ញាក់ផ្អើលថ្ងៃសៅរ៍ទី០៣ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះវៀង យាំងអង ភេទប្រុស អាយុ៥៩ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិដី ឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរជួសជុលចង្ក្រានហ្គាស ។ តាមការបំភ្លឺពីឈ្មោះវៀង ធីប៊ិតបឿង ភេទស្រី អាយុ២៣ឆ្នាំជនជាតិវៀតណាម មានទីលំនៅ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្ត កណ្តាល ត្រូវជាកូនស្រីបង្កើតបានឱ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយលើសឈាម)មុនពេលកើតហេតុជនរងគ្រោះត្រូវជាឪពុកបានផឹកស្រាស្រវឹងរួចទៅសម្រាកនៅលើអង្រឹងក្នុងផ្ទះ ស្រាប់តែធ្លាក់ពីលើអង្រឹងសន្លប់បាត់មាត់បាត់ក ។ ពេលនោះខ្លួននិងបងប្អូនផ្សេងទៀតបានកោសខ្សល់ឱ្យ រួចដោយសភាពមិនស្រួលខ្លួនខ្លាំងក៏ត្រូវបាន បងប្អូនផ្សេងទៀតដឹកយកទៅព្យាបាលនៅមន្ទីពេទ្យជោរៃ(ភ្នំពេញ)។ពេលទៅដល់មន្ទីពេទ្យក្រុមគ្រូពេទ្យពិនិត្យឃើញថា «ជនរងគ្រោះបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ រួចក្រុមគ្រួសារក៏បានដឹកសពជន រងគ្រោះមកផ្ទះវិញ»។ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋសហការជាមួយកម្លាំងប៉ូលិសផ្នែកជំនាញកោសល្យវិច័យនិងបច្ចេកទេស អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងចូល រួមដោយក្រុមគ្រួសារជនរងគ្រោះ បានចុះដល់ចំណុចកើតហេតុ ពិនិត្យឃើញថា «ជនរងគ្រោះបាន ស្លាប់ដោយសារជំងឺប្រចាំកាយពិតប្រាកដមែន» ហើយក្រុមគ្រួសារក៏បានទទួលស្គាល់ថាជនរងគ្រោះ ពិតស្លាប់ដោយសារខ្យល់គរពិតមែន។បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ ភាវុន