កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកពញាឮឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះនៅចំណុចក្នុងបរិវេណបុរីមនោរម្យព្រែកតាទែន ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីបានលួចខ្សែភ្លើងបុរីចំនួន ១៩ គីឡូក្រាម។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ញឹម សែ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ វិស្វករអគ្គិសនី មានទីលំនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកជនសង្ស័យឈ្មោះ លួង គីមឡាយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទឹកនិងភ្លើង មានស្រុកកំណើត៖ភូមិមេសព្រះច័ន្ទ ឃុំមេសព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង។បច្ចប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។វត្ថុតាងចាប់យកខ្សែភ្លើងម៉ាក KEY STONE ចំនួន ០៥ ដុំ ទម្ងន់សរុប ១៩ គីឡូក្រាម,ម៉ូតូ១គ្រឿង ម៉ាកToday ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HY 3706 ។ដំបូងជនសង្ស័យឈ្មោះ លួង គីមឡាយ បានជិះម៉ូតូរបស់ខ្លួនម៉ាកម៉ាកToday ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HY-3706 ពីផ្ទះជួលនៅសង្កាត់ទឹកថ្លា មកធ្វើការជាជាងតទឹកនិងភ្លើង នៅក្នុងផ្ទះល្វែងបុរីមនោរម្យ ព្រែកតាទែន ក្នុងភូមិ-ឃុំកើតហេតុខាងលើ ដោយក្នុងពេលនោះមេការឈ្មោះ សែ ភេទប្រុស បានបើកខ្សែភ្លើង ម៉ាកKEY STONE មានពណ៌ខ្មៅ និងពណ៌ខៀវ ពីក្នុងឃ្លាំងមកឱ្យជនសង្ស័យតក្នុងផ្ទះល្វែង។ បន្ទាប់ពីតខ្សែភ្លើងក្នុងផ្ទះល្វែងរួច ពេលល្ងាចដល់ម៉ោងចេញទៅផ្ទះជនសង្ស័យបានលួចយកខ្សែភ្លើង ម៉ាកខាងលើចំនួន០៥ដុំ ដាក់ក្រោមកែបម៉ូតូរួចជិះចេញពីក្នុងបុរីបម្រុងទៅផ្ទះ។
លុះពេលជិះមកដល់ចំណុចក្លោងទ្វារចេញចូលបុរីខាងមុខជាប់ផ្លូវជាតិលេខ៥ ស្រាប់តែមានក្រុមសន្តិសុខបុរីបានឆែកត្រួតពិនិត្យកម្មករចេញពីធ្វើការងារនិងក្រោមកែបម៉ូតូបានរកឃើញខ្សែភ្លើងម៉ាក KEY STONE ចំនួន០៥ដុំនៅក្នុងក្រោមម៉ូតូរបស់ជនសង្ស័យ ។ក្រុមសន្តិសុខ បានឃាត់ខ្លួននិងរាយការណ៍ ប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងទៅឱ្យប៉ូលិសប៉ុស្តិ៍ព្រែកតាទែន បន្ទាប់មកក៏បញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់អធិការដ្ឋានស្រុកពញាឮ ។
ចំណែកជនសង្ស័យឈ្មោះ លួង គីមឡាយ បានឆ្លើយសារភាពថា«រូបខ្លួនពិតជាបានធ្វើសកម្មភាព លួចយកខ្សែភ្លើងចំនួន០៥ដុំ ម៉ាកខាងលើដាក់ក្រោមកែបម៉ូតូ ហើយជិះចេញពីក្នុងបុរីទៅផ្ទះ ដើម្បីទុកលក់ឲ្យគេ ប្រាកដមែន» ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី នៃច្បាប់៕ដោយ ភាវុន