អាជ្ញាធរខេត្តស្វាយរៀង សម្រេចយកសណ្ឋាគារ ម៉ុកបាយ នៅក្រុងបាវិត ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ ដោយមើលឃើញពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តស្វាយរៀង មានចំនួនកើនឡើងជាបន្តបន្ទាប់នោះនៅព្រឹកថ្ងៃសៅរ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២១ លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក វណ្ណ សុមុន្នី អភិបាលរងក្រុង ដឹកនាំមន្ត្រីរាជការសាលាក្រុង កម្លាំងនគរបាល កម្លាំងអាវុធហត្ថ សំអាតកន្លែងរៀបចំព្យាបាលអ្នកជំងឺកូវីដ_19 នៅទីតាំងកាស៊ីណូបាវិតម៉ុកបាយ ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានចំនួន ២៨៨បន្ទប់បន្ថែមទៀត ដើម្បីត្រៀមដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩។

ក្នុងបេសកកម្មចុះជួយសម្អាត និងរៀបចំបន្ទប់សណ្ឋាគារ ម៉ុកបាយ បានប្រើប្រាស់កម្លាំងសរុបចំនួន ៦៥នាក់ ក្នុងនោះកម្លាំងប្រចាំបញ្ជាស្នងការដ្ឋាននគរបាលខេត្តចំនួន ៣០នាក់ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ១៥នាក់ និងកម្លាំងកងរាជអាវុធហត្ថចំនួន ២០នាក់។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកកើតជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តស្វាយរៀងកើនដល់១០០នាក់ នឹងមានអ្នកជាសះស្បើយតែ២នាក់ប៉ុណ្ណោះ និងមានមន្ទីរពេទ្យ២ គឺមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកស្រុករំដួល កំពុងដាក់អ្នកជំងឺសម្រាកព្យាបាលផងដែរ៕ដោយ សាយ ហ្គន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *