សាលាដំបូងខេត្តប៉ៃលិន បំភ្លឺពាក់ព័ន្ធនឹងករណីចៅក្រមចេញដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន ទៅបុរសម្នាក់ដុតផ្ទះ និងប្រើប្រាស់គ្រឿងញៀន

ខេត្តប៉ៃលិន ៖ ក្រោយពីគេហទំព័រសារព័ត៌មាន កាសែតកោះសន្តិភាព បានចេញផ្សាយ ពាក់ព័ន្ធនឹងករណីថា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិនម្នាក់ បានចេញដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន ទៅលើជនសង្ស័យម្នាក់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយរូបគេប្រើប្រា ស់គ្រឿងញៀន ហើយបានវាយដំទាត់ធាក់ទៅលើប្រពន្ធកូន និងដុតបំផ្លាញផ្ទះសម្បែង បណ្តាលឱ្យឆេះខ្ទេចខ្ទីគ្មានសល់ ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ លុះចៅក្រមអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ដើម្បីកែខ្លួន បែរជាទៅរករឿងដេញវាយដំ ទាត់ធាក់លើប្រពន្ធកូន នាំគ្នារត់ចែកជើងប្រសាចទាំងយប់ ត្រូវបាននគរបាល ឃាត់ខ្លួនសារជាថ្មី ដើម្បីសាកសួរបន្ថែម និងរៀបចំសំនុំរឿងបញ្ជូនទៅតុលាការម្តងទៀត ។

ទើបរហូតមកដល់រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ លោក ពិន សុខុម ប្រធានលេខា ធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តប៉ៃលិន បានឱ្យបំភ្លឺឱ្យដឹងថា ៖ នៅក្នុងដីកាខាងលើ ដែលលោក ហោ គាឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្នទៅលើជនសង្ស័យរូបនោះ គឺក្នុងករណីគាត់ បានដុតផ្ទះសម្បែងផ្ទាល់ខ្លួន និង ប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ មិនបានវាយដំទាត់ធាក់ទៅលើប្រពន្ធកូននោះទេ លុះក្រោយពីគាត់ត្រឡប់ទៅផ្ទះវិញ ទើបគាត់ប្រព្រឹត្តបទល្មើសហិង្សាដេញវាយដំទាត់ធាក់ទៅលើប្រពន្ធកូន ក៏ត្រូវចៅក្រមម្នាក់ទៀត នៃសាលាដំបូងខេត្តប៉ៃលិន ចេញដីកាឱ្យចាប់ឃាត់ខ្លួនសារជាថ្មីតែម្តង ។

សូមបញ្ជាក់ថា ៖ ហេតុការណ៍ នគរបាលចាប់ឃាត់ខ្លួនជនសង្ស័យដុតបំផ្លាញផ្ទះសម្បែង និងដេញវាយប្រពន្ធកូន ខណ:ពេលចៅក្រមដោះលែងឱ្យត្រឡប់ទៅផ្ទះវិញនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនសង្ស័យមានឈ្មោះ ខ្នា ចាន់ណា ហៅអូន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រពន្ធឈ្មោះ ថាន ថុល មានកូន៣នាក់ នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ ។

លោក ពិន សុខុម ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត បានបន្តទៀតថា បើសិនជា ជនសង្ស័យខាងលើ ដុតផ្ទះសម្បែង ប្រើប្រាស់គ្រឿងញៀន និង ប្រើហិង្សាវាយដំទៅលើប្រពន្ធកូនលើកដំបូងនោះ គឺចៅក្រមមិនអាចដោះលែងឱ្យត្រឡប់ទៅផ្ទះវិញបានឡើយ ។ តែនេះ គាត់គ្រាន់តែប្រើប្រា ស់គ្រឿងញៀន ហើយដុតផ្ទះសម្បែងផ្ទាល់ខ្លួន គឺមិនត្រូវជាប់មានទោសនោះទេ ព្រោះជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ណាមួយគាត់មិនបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនោះទេ ។ ដូច្នេះ ដោយសារយល់ឃើញថា ប្រពន្ធនៅផ្ទះមើលកូនតូចៗ អត់មានអ្នករកស៊ីចិញ្ចឹម ទើបចៅក្រមអនុញ្ញាតឱ្យគាត់ត្រឡប់ទៅផ្ទះវិញសិន ដើម្បីកែប្រែខ្លួនសារថ្មី ឈប់ប្រព្រឹត្តបែបនេះទៀត ។ តែក្រោយពីគាត់បានទៅដល់ផ្ទះ បែរជាជេរបញ្ចោឪពុកម្តាយ និង រករឿងវាយដំទាត់ធាក់ទៅប្រពន្ធកូន ទើបចៅក្រុមម្នាក់ទៀតនៃសាលាដំបូ ងខេត្តប៉ៃលិន ចេញដីកាឱ្យចាប់ឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងសារជាថ្មី ដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *