ភ្នំពេញៈ អនុក្រឹត្យ ស្តីពី វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង ជំងឺ ឆ្លង កាច សា ហាវ និង ប្រកបដោយ គ្រោះថ្នាក់ ធ្ងន់ធ្ងរ ផ្សេងទៀត បានកំណត់ពីបម្រាមគោចរ ដែលបានហាមឃាត់ ការធ្វើដំណើរចន្លោះពីម៉ោង ៨យប់…ដល់ម៉ោង ៥ព្រឹក
អនុក្រឹត្យថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខា កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។ មាត្រា៨ ស្តីពី បម្រាមគោចរ កំណត់ថា « រាល់ការធ្វើដំណើរ ដែលត្រូវបានអនុញ្ញាត ដូចមានចែង ក្នុងមាត្រា៤ នៃអនុក្រឹត្យនេះ មិនត្រូវ ធ្វើឡើងនៅចន្លោះពីម៉ោង ២០ ( ម្ភៃ ) ដល់ម៉ោង ៥ ( ប្រាំ ) លើកលែងចំពោះការធ្វើដំណើរ ដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញកាតព្វកិច្ច ដែលបម្រើ ផលប្រយោជន៍សាធារណៈ ការធ្វើដំណើរទៅទីកន្លែង បំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ឬទីតាំង អាជីវកម្ម ដែលត្រូវបានលើកលែង ឲ្យបើកដំណើរ ការដូចមានចែង ក្នុងកថាខណ្ឌ ខាងក្រោមនេះ និងករណី ចាំបាច់ ដទៃទៀត ដោយមាន ការអនុញ្ញាត ពី អាជ្ញាធរ មានសមត្ថកិច្ច »។បម្រាមគោចរដដែល កំណត់ថា «រាល់គ្រឹះស្ថាន សាធារណៈ សហគ្រាស ឬគ្រឹះស្ថានឯកជន ឬទីតាំងអាជីវកម្ម ដែលត្រូវ បានអនុញ្ញាត ឲ្យនៅបើកដំណើរការស្របតាមមាត្រា៦ នៃអនុក្រឹត្យនេះ ត្រូវផ្អាកប្រតិបត្តិការ របស់ខ្លួនចាប់ពីម៉ោង ២០ ( ម្ភៃ ) ដល់ម៉ោង ៥ ( ប្រាំ ) សម្រាប់ទទួលអតិ ថិជន ដោយផ្ទាល់ លើកលែងចំពោះ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ឱសថស្ថាន ស្ថានីយ៍ប្រេង ឥន្ធនៈ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច»។ អនុក្រឹត្យ ស្តីពី វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង ជំងឺ ឆ្លង កាច សា ហាវ និង ប្រកបដោយ គ្រោះថ្នាក់ ធ្ងន់ធ្ងរ ផ្សេង ទៀត បានកំណត់ពីវិធានការ នានា ចាំបាច់ ដែល ត្រូវ អនុវត្ត មានជាអាទិ៍៖ ១-ការរឹតត្បិត ឬការហាមឃាត់ ការធ្វើដំណើរ ២-ការរឹតត្បិត ឬការហាមឃាត់ ការជួបជុំ និងការប្រមូលផ្តុំ មនុស្ស ដែលសកម្មភាពនេះ អាចបណ្តាល ឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៣-ការហាមឃាត់ ឬការកម្រិត ការធ្វើសកម្មភាព ការងារ ឬមុខរបរ ដែលជាហានិភ័យ ឬជាប្រភព នៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ៤-ការរឹតត្បិត ឬហាមឃាត់ ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬទីកន្លែង ដែល មាន ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ៥-បម្រាមគោចរ ៦-ការបិទ ខ្ទប់តំបន់ ឬទីកន្លែង ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ៧-ការរឹតត្បិត ឬការហាមឃាត់ ការធ្វើពាណិជ្ជកម្ម លើទំនិញ ដែលជាហានិភ័យ ឬជាប្រភេទ នៃការឆ្លង រាលដាល នៃជំងឺកូវីដ១៩ និង វិធានការរដ្ឋបាល ផ្សេងទៀត ដែល មានភាពចាំបាច់ ដើម្បីឆ្លើយតប និងទប់ស្កាត់ ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ ។ អនុក្រឹត្យនេះ ក៏បានកំណត់ ថា «គណៈអភិបាលរាជធានីខេត្ត ត្រូវបានប្រគល់សមត្ថកិច្ច ក្នុងការសម្រេចដាក់ចេញវិធានការ រដ្ឋបាលណាមួយ ដែល មានវិសាលភាព អនុវត្ត សម្រាប់ ផ្នែកខ្លះ ឬទីកន្លែងខ្លះ ក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាពអនុវត្ត ទូទាំង រាជធានី ឬខេត្តរបស់ខ្លួន ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ »។ចំពោះការដាក់ចេញវិធានការ បិទខ្ទប់ រាជធានីខេត្ត និងការដាក់ចេញវិធានការ រដ្ឋបាលផ្សេងទៀត ដែលមានវិសាលភាពអនុវត្តលើសពីដែនដីនៃ រាជធានី ឬខេត្តមួយ ឬមានវិសាលភាព អនុវត្តនៅទូទាំងប្រទេស ត្រូវធ្វើឡើង តាមសេចក្តី សម្រេចរបស់ រាជរដ្ឋាភិបាល៕ SKS