ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រី ប្រធានមន្ទីរ អភិបាលស្រុកខ្សាច់កណ្តាល ប្រធានក្រុមប្រឹក្សាស្រុក ក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលកំពុង ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងឃុំចំនួន ០៥ ស្រុកខ្សាច់កណ្តាល។
ក្នុងឱកាសនោះ ឯកឧត្ដម នុត ពុធដារ៉ា ក៏បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានគិតគូរពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ។
ឯកឧត្ដម អភិបាលរងខេត្តកណ្តាល ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបាន ទទួលលទ្ធផលសំណាកអវិជ្ជមានទាំងអស់ អោយយកចិត្តទុកដាក់អនុវត្តទៅតាមវិធានការ ណែនាំរបស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ “៣ការពារ និង៣កុំ” ព្រមទាំងវិធានការណ៍ នានារបស់ក្រសួងសុខាភិបាល និងការណែនាំរបស់អជ្ញាធរគ្រប់លំដាក់ថ្នាក់ ដើម្បីបញ្ជៀស ពីការរាតត្បាត នៃជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានផ្តល់អំណោយជូនគ្រួសារកំពុងធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងឃុំចំនួន ០៥ រួមមាន ឃុំពុកឫស្សី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ត្រីខ ០១យួរ សៀងផ្អែម ០១យួរ ប្រេងខ្យង ជែលលាងសម្អាតដៃ និងថវិកា ១០០.០០០រៀលផងដែរ៕ដោយ ភាវុន