កំពតៈ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែ មីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ ដែលមកពីឃុំអង្គរមាស ឃុំល្អាង និងឃុំ មានរិទ្ធ ក្នុងស្រុកដងទង់ ខេត្តកំពត ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ សរុប ជាង១០០នាក់។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពី សុខទុក្ខ និងបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់ ស្បៀងអាហារ ដោយមិនមានការដោះស្រាយអ្វីឡើយ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា បើទោះបីជាអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រួលការលំបាក ខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។
ឯកឧត្តម ក៏បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀតចំពោះជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតជា សកល ហើយបាននឹងកំពុងឆ្លងចូលដល់សហគមន៍ក្នុងប្រទេសកម្ពុជា ព្រមទាំងខេត្តមួយចំនួនដែលនៅ ជុំវិញខេត្តកំពតយើងដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ(ពាក់ម៉ាសនៅទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
អំណោយកាកបាទក្រហមចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ រួមមានៈ ក្នុង០១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកា២ម៉ឺនរៀល៕SKS