ត្បូងឃ្មុំៈ លោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានមន្រ្តីសុខាភិបាលបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន គេហ៌ទំព័រ សង្គមសន្តិភាព ទទួលបាននៅល្ងាចមិញនេះ បានបញ្ជាក់ថា មន្ត្រីនគរបាលរូបនេះ បានមកប្រចាំបញ្ជានៅស្នងការដ្ឋាន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ រួចបន្តបេសកកម្មនៅស្រុកមេមត់។
នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២១ លោកបានទៅបុណ្យខួបគម្រប់១ឆ្នាំម្តាយបង្កើត នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង។ នៅថ្ងៃទី២១ ខែមីនា ២០២១ លោកបានទៅថតសួតនៅគ្លីនីក «ទេពនិមិត្ត» ក្រុងសួង។របាយការណ៍បានបញ្ជាក់ថា អាជ្ញាធរបានបន្តស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធផ្ទាល់ចំនួន១៥នាក់ និងប្រយោលចំនួន ១៤នាក់ ក្នុងនោះមានមន្រ្តីនគរបាល៨នាក់ កំពុងដាក់ឲ្យធ្វើចត្តាឡីស័ក។ នៅពេលនេះសមត្ថកិច្ច ជំនាញ កំពុងសហការជាមួយមន្ទីរសុខាភិបាល ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ បន្តទៀត។សូមបញ្ជាក់ថា មន្ត្រីនគរបាលខាងលើ ពុំបានចាក់វ៉ាក់សាំងការពារកូវីដ១៩នោះទេ ដោយបញ្ហាឡើងសម្ពាធឈាម។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់បន្ថែម៕SKS