កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ សណ្ដោង រ៉ឺម៉កនិងម៉ូតូបណ្ដាលឱ្យមនុស្សម្នាក់ ស្លាប់ កើតឡើង នាថ្ងៃ អង្គារទី ២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង ៣០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិ ស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។សមត្ថកិច្ចនិយាយថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ព4511 ភព1 បើកបរក្នុងទិសដៅ ពី ជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) បើកបរដោយឈ្មោះ សុំ សួរ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិ អន្លង់តាសេកលើ ឃុំ ព្រែកអំបិល ស្រុក ស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព) ។ លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ បៃតងខ្ចី លាយស ពាក់ស្លាកលេខ ភ្នំពេញ 3D-8013 និង សណ្ដោងរ៉ឺម៉កមានស្លាកលេខភ្នំពេញ4A-4560 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចទៅដល់ (បើកបរក្នុងទិសដៅបញ្រ្ជាសទិសគ្នា) ពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ)។ពេលនោះ បានមកបុកជាមួយម៉ូត និងបានកិនពីលើម៉ូតូហើយបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ នៅកន្លែងកើតហេតុ។ ក្រោយពី បាន ទទួល ពត៌មាន សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចថា «ករណីនេះបណ្ដាលមកពី អ្នកបើកបររថយន្ដ ខ្វះ ការ ប្រុង ប្រយ័ត្ន ខ្ជីខ្ជា បើកបរក្នុងល្បឿនលឿន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង »៕ដោយ ភាវុន