ស្ទឹងត្រែងៈ នៅរសៀលថ្ងៃ ទី១៩ ខែ មីនា ឆ្នាំ ២០២១នេះ ក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តស្ទឹងត្រែង ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធាន ប្រយុទ្ធនឹងជំងឺកូវីដ ខេត្ត បានដឹកនាំក្រុមការងារចុះទៅកាន់ភូមិសាស្រ្ត ភូមិអូរឬស្សីកណ្ដាល, ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីនាំយក ក្រុមគ្រួសារដែលមានប្តីផ្ទុកជំងឺកូវីដ ១៩ មកធ្វើចត្តាឡីស័ក នឹងយកសំណាកវិភាគទៅពិនិត្យនៅវិទ្យាជាតិប៉ាស្ទ័ររាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ទន វុទ្ធី បានបញ្ជាក់ប្រាប់ក្រុមការងាររបស់មន្ទីរព័ត៌មានថា ក្រោយទទួលបានការ ជូនដំណឹងពីក្រុមការងារថ្នាក់ជាតិស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវិដ១៩ ថា មានអ្នកជំងឺម្នាក់ឈ្មោះ ម៉ៅ នេលយ៉ាស ភេទ ប្រុស អាយុ 30ឆ្នាំ បានធ្វើសំណាកវិភាគរកជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៧ ហើយបានទទួលលទ្ធផល នៅថ្ងៃទី ១៨ ថាមានផ្ទុកជំងឺកូវីដ១៩ ក្រុមការងារថ្នាក់ជាតិ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវិដ១៩ បានធ្វើការស្រាវជ្រាវដឹងថា បុរសម្នាក់នេះ បានមក លេងប្រពន្ធកូនគាត់ នៅខេត្តស្ទឹងត្រែង ហើយថ្ងៃ ទី ៦ ខែ មីនា ឆ្នាំ ២០២១ គាត់បានចេញដំណើរ ត្រលប់ទៅភ្នំពេញវិញ ។លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីនេះ ប្រសិនបើ បុរស ដែល ផ្ទុកជំងឺកូវីដ១៩ នេះ គាត់បានឆ្លងជំងឺកូវីដ ១៩ មុនថ្ងៃទី៦ ដែលគាត់មកលេងប្រពន្ធកូនគាត់នោះ គឺប្រពន្ធកូនគាត់ ស្ថិតក្នុងមានកំរិតហានិភ័យខ្ពស់ តែប្រសិនបើបុរសនេះ ឆ្លងកូវីដ១៩ ក្រោយគាត់ ត្រឡប់ទៅ ភ្នំពេញវិញ នោះគ្រួសារគាត់មានកំរិតហានិភ័យទាប តែទោះជាយ៉ាងណាក៍ដោយ លោកវេជ្ជបណ្ឌិតបាននិយាយថា គឺយើងរង់ចំាលទ្ធផលសំណាកវិភាគរបស់ក្រុមគ្រួសារបុរសនោះ ដែលក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត បានបញ្ជូនទៅធ្វើវិភាគនៅវិទ្យាស្ថានជាតិ ប៉ាស្ទ័រួចរាល់ ហើយ. សូមបញ្ជាក់ថាបច្ជុប្បន្ន អ្នកជំងឺឈ្មោះ ម៉ៅ នេលយ៉ាស ភេទ ប្រុស អាយុ 30ឆ្នាំ ត្រូវជាប្តី មានវិជ្ជមាន កូវីដ១៩ កំពុងសម្រាក់ព្យាបាលនៅសណ្ធាគារ THE Great Duke នៅរាជធានីភ្នំពេញ ហើយ ក្រុមគ្រួសារប្រពន្ធកូនគាត់ ត្រូវបានយកមកធ្វើចត្តាឡីស័ក នៅមណ្ឌលកំរិត២ ស្ថិតក្នុង មន្ទីរពេទ្យខេត្តស្ទឹងត្រែង ដើម្បីរង់ចាំលទ្ធផល។ឡុង កាន់សំនៀង