ខេត្តស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានចុះជួបសំណេះសំណាលជាមួយលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍ធំ ដើម្បីពន្យល់ណែនាំ ជម្រាបការយល់ដឹងអំពីមេរោគកូវីដ១៩ និងការពារខ្លួនពីជំងឺនេះ និងមិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិតណាមួយទាក់ទងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ ពិធីនេះមានការចូលរួមពីលោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលស្រុក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្ដមអភិបាលរងខេត្ត បានពាំនាំនូវការផ្ដាំផ្ញើ ពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្ត នឹងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត មកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ បន្ថែមពីលើនេះឯកឧត្ដម បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងថ្នាក់ ក្នុងសាលាអោយបានល្អ កុំមានភាពភ័យខ្លាច សូមរក្សាគម្លាតសង្គមអោយបានខ្ជាប់ខ្ជូន លាងដៃជាមួយសាប៊ូ និងអាល់កុល ពាក់ម៉ាស់អោយបានត្រឹមត្រូវទាំងក្នុងថ្នាក់ និងម៉ោងចេញលេង ហើយអ្វីដែលសំខាន់សូមដាន តាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង មិនត្រូវជឿជាក់លើផ្សព្វផ្សាយ បំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិត ត្រូវជឿជាក់លើការដឹកនាំ របស់ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ជាពិសេសសូមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕