ខេត្តស្វាយរៀង៖ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានអញ្ជើញចុះពិនិត្យមើលកន្លែងចត្តាឡីស័ក (អតីតការិយាល័យប្រៃសណីយ៍ស្រុក) ត្រៀមសម្រាប់ប្រជាពលរដ្ឋដែលចំណាកស្រុកមកពីប្រទេសថៃ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានផ្សព្វផ្សាយដល់លោក លោកស្រីអភិបាលអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក និងលោក លោកស្រីមេឃុំក្រុមប្រឹក្សាឃុំឲ្យចុះផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋ សូមគាត់មានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ និងយុវជននៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។ដោយ សាយ ហ្គន