សៀមរាបៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធ ភូមិភាគទី៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក និងសំណេះសំណាល ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ លើកទី២ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទិសយោធភូមិភាគទី៤ ។ពិធីនេះប្រារព្វធ្វើនៅ ទីបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោកខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក អគ្គនាយករង អគ្គនាយកដ្ឋាន ភុស្តភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិប្រចាំទិសយោធភូមិភាគទី៤ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានទីបញ្ជាការមុខ ប្រចាំទិសយោធភូមិភាគទី៤ មេបញ្ជាការរង នាយសេនាធិការរង ការិយាល័យ និងអង្គភាពទាំងអស់ចំណុះទីបញ្ជាការ យោភូមិភាគ៤ ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានណែនាំដល់នាយទាហាន នាយទាហានរង ពលទាហាន និងអង្គភាពចំណុះទាំងអស់ទោះបីជាបងប្អូនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២រួចរាល់យ៉ាងណាក៏ដោយ ក៏មិនត្រូវធ្វេសប្រហែសជាដាច់ខាត និងត្រូវអនុវត្តឱ្យបាននូវបទបញ្ជានានា និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ក៍ដូចជាវិធានការរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន និងមិនត្រូវមានការប្រមូលផ្ដុំ ពេលចេញចូលក្នុងអង្គភាព ត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល គ្រប់ពេលវេលាមិនថាកងទ័ព ឬគ្រួសារនោះឡើយ អ្នកដែលមិនគោរព នូវវិធានការនេះ មិនអនុញ្ញាតអោយចេញចូល ក្នុងបន្ទាយជាដាច់ខាត ៕SKS