រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រើនរំលឹកដល់មន្ត្រី បន្ទាប់ពីចុះណែនាំពលរដ្ឋបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តែកុំភ្លេចចាំបាច់អនុវត្តន៍ខ្លួនឯងជាចម្បង

ត្បូងឃ្មុំ :  ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ  បានក្រើនរំលឹកដល់មន្ត្រីរាជការចំណុះ ឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំទាំងអស់ បន្ទាប់ពីចុះអប់រំណែនាំបញ្ជ្រាបដល់ពលរដ្ឋពាក់ព័ន្ធនឹងវិធានការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងច្បាប់ដែលទើបដាក់ឲ្យអនុវត្តន៍ថ្មី ពាក់ព័ន្ធនឹងទោស ទណ្ឌ និងការផាកពិន័យនោះតែកុំភ្លេចត្រូវចូលរួមអនុវត្តន៍ខ្លួនឯងផ្ទាល់ជាចម្បងមុនគេ ទាំងអនាម័យរស់នៅ ការរក្សាគម្លាត ការអនុវត្ត៣កុំ ៣ការពារ  ជាពិសេសការជួបជុំនានា និងការធ្វើដំណើរចល័តទីតាំង រៀងរាល់ថ្ងៃសម្រាកចុងសប្តាហ៍ផងដែរ ។  ការ ថ្លែង យ៉ាង ដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១  ក្រោម វត្តមាន  ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត  ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ  ឯកឧត្ដម  ជាម  ច័ន្ទសោភ័ណ  អភិបាលខេត្ត ត្បូងឃ្មុំ  បានណែនាំដល់មន្ត្រី ជំនាញពាក់ព័ន្ធ ឲ្យ បន្តសហការកំណត់អត្តសញ្ញាណអ្នកចំនូលស្រុកដែលមកពីតំបន់ហានិភ័យ ពិសេសពលករដែលសម្រុកចេញមកពីប្រទេសថៃតាមបណ្តាខេត្តនានា  ដែលមានច្រកជាប់ព្រំដែន ដើម្បីមកលេងស្រុកកំណើត នៅខេត្តត្បូងឃ្មុំ ក្នុងឳកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ត្រូវមកស្នាក់នៅចត្តាឡីស័កតាមមណ្ឌលដែលរដ្ឋបាលខេត្តបានរៀបចំទុក ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា  គិតត្រឹមថ្ងៃទី១៦ ខែមីនា  ឆ្នាំ២០២១ម្សិលមិញនេះ  ក្នុងខេត្តត្បូងឃ្មុំ ពលរដ្ឋដែលកំពុង ធ្វើចត្តាឡីស័ក សរុបមានចំនួន៦៤១នាក់ ដោយឡែកពលរដ្ឋដែលអនុញ្ញាតឲ្យទៅគេហដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ មានចំនួន៦៣នាក់ ចំណែក៥៧៨នាក់ទៀតកំពុងតាមដានសុខភាព  និងធ្វេីចត្តាឡីស័កបន្ត ដែលភាគច្រើនសុទ្ធសឹងជាពលករដែលមកពីតាមតំបន់ព្រំដែនប្រទេសថៃ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឲ្យមានក្រុមការងារទៅទទួលដល់តាមបណ្តាខេត្តនានា ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *