កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយអភិបាលរងខេត្ត និង ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ១៥ ខែមិនា ឆ្នាំ ២០២១ នេះ បានអញ្ជើញ ចុះពិនិត្យការរៀបចំ ទីតាំង ត្រៀម សម្រាប់ ធ្វើ ចត្តាឡីស័ក របស់រដ្ឋបាលស្រុកចំការលេី ព្រៃឈរ ជេីងព្រៃ និង ស្រុក បាធាយ ។
ដោយ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់ តែ ខិតចូល មក ជិត នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់រដ្ឋបាលស្រុកទាំងអស់ ត្រូវពិនិត្យរកពីទីតាំង ឲ្យ បាន សមរម្យ ជៀសវាងប៉ះពាល់ ដល់ការសិក្សារៀនសូត្រ របស់ក្មួយៗសិស្សានុសិស្ស និងត្រូវរៀបចំកែលម្អ និងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត បន្ទប់ទឹក បន្ទប់អនាម័យ ដោយធ្វើយ៉ាងណា ត្រូវបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលស្រុកនីមូយៗ ដែលមានសហគមន៍ខ្មែរឥស្លាមរស់នៅ ត្រូវពិនិត្យរកទីតាំងត្រៀម សម្រាប់បញ្ជុះសពបងប្អូនខ្មែរឥស្លាម តាមប្រពៃណី របស់ពួកគាត់ ក្នុងករណីមានអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ នោះ ។
បន្ទាប់ ពី ទទួល បាន អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំ ដល់រដ្ឋបាលស្រុកនីមួយៗ ឲ្យ រៀបចំមណ្ឌលចត្តាឡីស័ក ដើម្បីត្រៀមលក្ខណៈជាស្រេច ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ។ ទន្ទឹមនឹងនោះ ការត្រៀមមករៀបចំមណ្ឌលចត្តាឡឺស័ក របស់រដ្ឋបាលស្រុកនេះ គឺជាការត្រៀមលក្ខណៈ ក្នុងករណីដែលមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត មានចំនួនអ្នកពាក់ព័ន្ធ និងអ្នកសង្ស័យ ករណីកូវីដ១៩ មកធ្វើចត្តាឡីស័ក លើសពីចំនួន នៃការត្រៀមទុក របស់រដ្ឋបាលខេត្ត ។
គួរ បញ្ជាក់ ផង ដែរថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ចំនួន ២កន្លែង គឺ ១.នៅសណ្ឋាគារមេគង្គ និង ២.នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលមានចំនួន ២៦០បន្ទប់ ស្មើនឹង ៥៨៥គ្រែ ។ បន្ថែមពីនេះ នៅតាមបណ្តាស្រុកនីមួយៗ ក៏បានត្រៀមទីតាំង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ផងដែរ ។ ជាក់ស្ដែង នៅស្រុកចំការលើ បានត្រៀម ២កន្លែង គឺ ÷ ១.សាលាពុទ្ធិកសិក្សា ក្នុងវត្តស្ទឹងក្តី ឃុំបុសខ្នុរ វត្តស្វាយទាប និង ២.នៅវត្តតាំងក្រង់ ឃុំស្វាយទាប ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ២៥០នាក់ ។ ដោយឡែក នៅស្រុកព្រៃឈរ បានត្រៀម ១កន្លែង នៅសាលាពុទ្ធិកសិក្សា ស្ថិតក្នុងវត្តគ រ ឃុំគរ ស្រុកព្រៃឈរ ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណជា ៦០នាក់ ផងដែរ ៕