ខេត្តកំពត ៖នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និង ការជួបជុំតាមបែបសាសនានានា ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកំពត ។
ដើម្បីបង្កលក្ខណៈដល់មន្ត្រីជំនាញ បន្តការស្រាវជ្រាវ និង កំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់ និង ដើម្បីកាត់ផ្តាច់នូវខ្សែចម្លងចូលក្នុងសហគមន៍ ។ រដ្ឋបាលខេត្តកំពត បានដាក់ចេញនូវ វិធានការ សំខាន់ៗ ចំនួន ៦ ដូចខាងក្រោម ៖ ១. ត្រូវផ្អាកជាបណ្តោះអាសន្ននូវការ អនុញ្ញាតច្បាប់សម្រាប់រៀប ចំពិធីមង្គលការ ពិធីជប់លៀង និង ការជួបជុំបែបសាសនានានាក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ។ ២. ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធី ដែលបានស្នើសុំរួចឲ្យ គាត់លើកពេល ឬ ផ្លាកពិធីដែលមានការប្រមូលផ្តុំមនុស្សច្រើន ក្នុងរយៈពេល ២ សប្តាហ៍សិន ។
៣. លិខិតរដ្ឋបាលខេត្ត ដែលចេញនាពេលនេះ មិនមានប្រតិសកម្មជាមួយលិខិតអនុញ្ញាតរបស់ រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយ ភ្ញៀវចូលរួម ជាអប្បបរមា និង រក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឲ្យលើសពី ៥ នាក់(ប្រាំនាក់)ក្នុងមួយតុ។
៤. ក្នុងករណីដែលម្ចាស់ពិធីមិនចូលរួមសហការ និង អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅតែបន្តរៀបចំពិធីដោយ រដ្ឋបាលក្រុង ពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាព -ស្រុក ត្រូវចុះបិទ ឬ ផ្អាកពិធី នៃការជួបជុំនោះជាបន្ទាន់ ។
៥. ត្រូវមានវិធានការច្បាប់ដែលមានជាធរមាន ចំពោះជនណាដែលបំពានការណែនាំ និង មិនសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ-១៩ ។
៦. ក្នុងករណីការផ្អាកជាបណ្តោះអាសន្នការរៀបចំពិធីមង្គលការ ពិធីជប់លៀង និង ការជួបជុំបែបសាសនានានា ជាបណ្តោះអាសន្នរយៈពេល ២ សប្តាហ៍នេះ ប្រសិនបើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តកើនឡើងនោះ គឺត្រូវបន្តផ្អាកជាបណ្តោះអាសន្នបន្ថែមទៀតរហូតដល់រដ្ឋបាលខេត្ត ចេញនូវសេចក្តីជូនដំណឹងឲ្យដំណើរការពិធីឡើងវិញ។