កសិករក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សំណូមពរឲ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ការ នាំកសិផលចូលមកពីប្រ ទេសជិតខាង ទុកលទ្ធភាពឲ្យប្រជាកសិករដាំដុះដំណាំលក់ផ្គត់ផ្គង់ ជីវភាពបានល្អប្រសើរ

ខេត្តកំពង់ឆ្នាំង:កសិករក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សំណូមពរឲ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ ការនាំកសិផលចូលមកពីប្រ ទេសជិតខាងទុកលទ្ធភាពឲ្យប្រជាកសិករដាំដុះដំណាំលក់ផ្គត់ផ្គង់ជីវភាព បានល្អប្រសើរ ។

កសិករឈ្មោះ យិន ម៉េង ជាកសិករប្រកបមុខ របរដាំដំណាំល្ងនៅក្នុងចំការស្ថិតនៅភូមិស្ទឹងសណ្ដែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១នេះ បានសំណូមពរ ដល់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ មេត្តាជួយទប់ស្កាត់ការនាំចូលកសិផលនានាពីប្រទេស ជិតខាងដើម្បីទុកលទ្ធ ភាពឲ្យប្រជាកសិករនៅក្នុងស្រុកដាំដុះដំណាំកសិកម្មផ្គត់ផ្គង់ជីវភាពរស់នៅ របស់ពួកគាត់បានល្អប្រសើរ។

កសិករខាងលើបានបន្តថា នៅក្នុងឆ្នាំនេះពួកគាត់បានដាំល្ងក្នុងចំការប្រមាណ១សិន ដែលមានទំហំ ១,៦០០ ម៉ែត្រ ការ៉េ ដំណាំនេះត្រូវដាំក្នុងរយៈពេល៣ខែទើបប្រមូលផល ឯការដាំដើមល្ង១ ត្រូវចំណាយដើមទុនប្រ មាណជាង១លានរៀល ទៅលើការទិញប្រេងចាក់ម៉ាស៊ីន បូមទឹក និងទិញថ្នាំបាញ់សត្វល្អិត។

ហើយពេលប្រមូលផលវិញបើល្ងល្អគឺអាចប្រមូលផលបានពី៣០០ទៅ៤០០ kgចំពោះតម្លៃវិញនៅ លើទីផ្សារក្នុងពេលនេះគឺល្ងមួយគីឡូក្រាមថ្លៃ៥,៧០០រៀល ចំណែកឆ្នាំមុនតម្លៃល្ងក្នុងមួយគីឡូក្រាម ថ្លៃពី៤,០០០ទៅ៥,០០០រៀលតែប៉ុណ្ណោះ។ ក្រៅពីដំណាំល្ង គាត់បានដាំសណ្ដែកបាយលើដីជាងមួយហិចតាផងដែរ ដែលក្នុងឆ្នាំនេះសណ្ដែកបាយនៅទីផ្សារ១ គីឡូក្រាមថ្លៃ៥,០០០រៀល។កសិករខាងលើនេះបានបញ្ជាក់ឲ្យដឹងទៀតថាក្នុង១រដូវៗ ប្រសិនបើដំណាំ ល្ង ឬសណ្ដែកមានតម្លៃខ្ពស់នៅទីផ្សារគឺគាត់អាចនៅសល់ប្រាក់ពី១លានទៅ២លានរៀល ប៉ុន្តែបើល្ងសណ្ដែកមានតម្លៃថោកវិញគឺមិនសល់ប្រាក់ឡើយ គឺបានត្រឹមតែគ្រាន់មាត់ហូបប៉ុណ្ណោះ។ ដូចនេះហើយរូបគាត់ក៏ដូចជាកសិករទាំងអស់សំណូមពរដល់ប្រមុខរាជ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមេត្តាជួយទប់ស្កាត់កុំឲ្យកសិផលនានាចូលមកពីប្រទេស ជិតខាងដើម្បីទុកលទ្ធ ភាពឲ្យប្រជាកសិករខ្មែរដាំដុះដំណាំកសិកម្មលក់ដូរបានតម្លៃសមរម្យនៅលើទីផ្សារ។

ទាក់ទងនឹងការដាំដំណាំកសិកម្មនេះដែរលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ ឆ្នាំងបានឲ្យដឹងថា ដើម្បីឲ្យការលក់ដូរកសិផលទទួលបានតម្លៃខ្ពស់ ប្រជាកសិករយើងត្រូវចេះជ្រើសរើសដំណាំ ទៅតាមរដូវកាល ដែលមានហាងឆេងនៅលើទីផ្សារ និងដាំដុះឱ្យទាន់រដូវកាល ទើបយើងអាចរកចំណូលផ្គត់ផ្គង់ជីវភាពបានល្អប្រសើរ។ ព្រោះជាធម្មតាកាលណាកសិផលសម្បូរនៅទីផ្សារគឺវាតែងតែចុះថោកព្រោះវាជាទីផ្សារសេរីដែលយើងត្រូវតែប្រកួតប្រជែង និងត្រូវតែទទួលស្គាល់៕ដោយលោកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *