អាជ្ញាធរខេត្តប៉ៃលិន បន្តចុះដោះស្រាយបញ្ហាតម្លៃបន្លែជូនប្រជាកសិករ ព្រមទាំងអំពាវនាវអ្នកពាក់ព័ន្ធ ជួយសហការស្វែងរកទីផ្សារជូនកសិករ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីបានអញ្ជើញប្រគល់ផ្ទះកាកបាទក្រហមកម្ពុជា និងផ្តល់អំណោយជូន ពលរដ្ឋ១៩គ្រួសាររួចមក លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តមអ្នកតំណាងរាស្ត្រ បានអញ្ជើញទៅពិនិត្យមើលការប្រកបរបរដាំបន្លែត្រសក់ផ្អរ សណ្តែកកួរ ម្ទេស របស់ប្រជាកសិករ នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។

លោកជំទាវ បានជួបសំណេះសំណាល ជំរុញអោយប្រជាកសិករ ខិតខំដាំដំណាំបន្លែបន្ថែមទៀត ដោយមិនត្រូវប្រើជីគីមី ហើយត្រូវផ្លាស់ប្តូរមុខបន្លែ រើសយកប្រភេទបន្លែដែលមានទីផ្សារ តម្លៃខ្ពស់ រក្សាទុកបានយូរ ហើយជៀសវាងដាំបន្លែដដែលៗ ដូចៗ  គ្នា ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់នៅលើទីផ្សារ ។ លើសពីនេះ ដើម្បីចូលរួមដោះស្រាយលើបញ្ហានេះ លោកជំទាវអភិបាលខេត្ត បានអំពាវនាវដល់មន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត ឈ្មួញរកស៊ី និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នារកទីផ្សារជូនប្រជាកសិករ ដែលដាំដំណាំបន្លែត្រសក់ ម្ទេស និងបន្លែគ្រប់ប្រភេទ អោយមានតម្លៃទីផ្សារសម្រាប់លក់ដូរបានតម្លៃសមរម្យ ដើម្បីសម្រួលដល់ ជីវភាពរស់នៅរបស់ពួកគាត់ ។ ជាការឆ្លើយតបប្រជាកសិករ បានសម្តែងនូវក្តីរីករាយនិងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ជាពិសេសឯកឧត្តម អុី ឈាន ដែលជានិច្ចកាល បានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូន ពិសេសអំពាវនាវជួយស្វែងរកទីផ្សារលក់ ដូរបន្លែត្រសក់ និងម្ទេស អោយបានតម្លៃមួយខ្ពស់សមរម្យ ដែលជាប្រភពទុនសម្រាប់ទ្រទ្រង់ ជីវភាពគ្រួសាររបស់ពួកគាត់ ។ ក្នុងឱកាសនោះដែរ ក្រុមការងារ បានជួយប្រមូលទិញបន្លែ ដែលគ្មានទីផ្សារ និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ជូនដល់កសិករដែលដាំត្រសក់ ម្ទេស សណ្តែកកួរ នូវថវិកាមួយចំនួន ដើម្បីជាការលើកទឹកចិត្តផងដែរ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *