កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ឯកឧត្តម វេជ្ជបណ្ឌិត គឹម សួរ ភីរុណ ប្រធាន មន្ទីរ សុខាភិបាល ខេត្ត និង មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ១៤ ខែមិនា ឆ្នាំ ២០២១ នេះ បាន អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយ ស្ម័គ្រ ចិត្ត ប្រគេនដល់ ព្រះ មន្ត្រី សង្ឃ និងមន្ត្រីរាជការ នៅ មន្ទីរពេទ្យ បង្អែក ខេត្តកំពង់ចាម ក្រោមការដឹកនាំ និមន្តដោយ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះមន្ត្រីសង្ឃតាមបណ្តាលក្រុង-ស្រុកទាំង១០ ផងដែរ ។
ក្នុង ឱកាស ជួប សំណេះសំណាល នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋាន ទាំងអស់ សូម ឲ្យ មានការ ចូលរួម អនុវត្ត តាម កន្លង ថ្មី របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា គឺ ត្រូវ ការពារ ដោយ មាន ការ ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និង រក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ។ និង កុំបី ចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និង កុំប៉ះពាល់គ្នា ។ ហើយ សូម ចូលរួមយុទ្ធការចាក់វ៉ាក់សាំងការពាងជម្ងឺកូវីដ-១៩ និង ប្រើ QR Code Stop Covid ផងដែរ ។ គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ នៃការចាក់វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដោយស្ម័គ្រចិត្ត និង ឥតគិតថ្លៃ ជូនដល់ មន្ត្រី រាជការ កងកម្លាំង ជួរមុខ ដែលប្រឈមខ្លាំង ក្នុងខេត្តកំពង់ចាម បានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហូតដល់ពេលនេះ ចាក់បាន ចំនួន ៤.៨៩៤ នាក់។ ជាមួយគ្នានោះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង មានចំនួន ៩ទីតាំង រួមមាន មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ស្រុកព្រៃឈរ ស្រុកកងមាស ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកចំការលើ ស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរផងដែរ ៕